ប៉ះសូលទីឡូថ្ងៃមុន អ្នកចាត់ការគិរីវង់ ថា បានការគាំទ្រយ៉ាងផុសផុលពីអ្នកខេត្តតាកែវ

23 Jul 2020 13:38

784

Share :


ជ័យជម្នះលើសូលទីឡូអង្គរក្នុងការប្រកួត Metfone Cambodian League 2020 កាលថ្ងៃសៅរ៍ ទី១៨ ខែកក្កដា កន្លងទៅ ជាលទ្ធផលដ៏រីករាយ តែអ្វីកាន់តែរំភើបទៅទៀតនោះ គឺសន្ទុះគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីពីប្រជាពលរដ្ឋនៅខេត្តតាកែវផ្ទាល់តែម្ដង។ នេះបើតាមការលើកឡើងពីលោក ឌុក វាសនា អ្នកចាត់ការក្លិបគិរីវង់សុខសែនជ័យ។ 

ថ្នាក់ដឹកនាំដដែលបញ្ជាក់ថា ទោះមិនបានទៅទស្សនាផ្ទាល់នៅខេត្តសៀមរាប ប្រជាពលរដ្ឋយ៉ាងច្រើននៅខេត្តតាកែវបានតាមដានតាមរយៈការផ្សាយផ្ទាល់លើទំព័រ Facebook ជាពិសេសនៅកន្លែងលក់ដូរ ហូបចុកនៅផ្សារជាដើម។ 

លោក ឌុក វាសនា រៀបរាប់បែបនេះ “៖បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើននៅខេត្តតាកែវគាត់សប្បាយចិត្តណាស់ ព្រោះអីតាមកន្លែងធ្វើការ ជាពិសេសតាមផ្សារ អាជីវករនៅផ្សារ គាត់មើលតាមទូរសព្ទ ដូចទូរសព្ទមួយអី គាត់មើល ចង់១០-២០នាក់ មើលគិរីវង់លេង។ អ្វីអស្ចារ្យហ្នឹង គឺការឈ្នះនៅចុងម៉ោង ធ្វើឲ្យពួកគាត់សប្បាយចិត្តមែនទែន។” 

លោក ឌុក វាសនា បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខេត្តតាកែវចំពោះការគាំទ្រមិនថមថយ និងសង្ឃឹមថា ពួកគេនឹងបន្តលើកទឹកចិត្តគ្រប់ពេល ទោះមិនទាន់អាចចូលទៅទស្សនាផ្ទាល់ដល់ទីលានដូចពេលមុននៅឡើយ។

គួរដឹងដែរថា ប្រកួតចុងក្រោយរបស់គិរីវង់សុខសែនជ័យនៅ Metfone Cambodian League បានវាយបកយកឈ្នះឈ្នះសូលទីឡូអង្គរ២ទល់នឹង៣ ដែលគ្រាប់ជ័យជម្នះកើតឡើងនៅនាទី៩០+៥ទៅហើយដោយខ្សែបម្រើប្រយុទ្ធប្រេស៊ីល Jose Magson៕ 

អត្ថបទៈ CNCC  

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania