តាំង ពិសី អរគុណថ្នាក់ដឹកនាំថាយហ្គឺរចំពោះការជួយជ្រោមជ្រែងកន្លងមក

24 Jul 2020 19:04

980

Share :


ខ្សែការពារអង្គរថាយហ្គឺរ តាំង ពិសី បង្ហើបថា ធ្លាប់បាក់ទឹកចិត្តខ្លាំងក្រោយរងរបួសដាច់សរសៃពួរជង្គង់អំឡុងជំនួបពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ តទល់ព្រះខ័នរាជស្វាយរៀង កាលឆ្នាំ២០១៩កន្លងទៅដែលធ្វើឲ្យគេខកខានបង្ហាញខ្លួនរហូតដល់បច្ចុប្បន្ន។ 

កីឡាករប្រចាំក្រុមមានមូលដ្ឋាននៅខេត្តសៀមរាប បានព្រួយបារម្ភពីការបាត់បង់អាជីពជាទីស្រលាញ់មួយនេះ។ យ៉ាងណា ដោយទទួលបានការលើកទឹកចិត្តពីសមាជិកក្លិប ជាពិសេសថ្នាក់ដឹកនាំអង្គរថាយហ្គឺរ ធ្វើឲ្យគេមានកម្លាំងចិត្តជម្នះការលំបាក និងការព្រួយបារម្ភនានា ពង្រឹងស្មារតីរឹងមាំឡើងវិញ។ 

តាំង ពិសី ពន្យល់ “៖ពេលដំបូងៗ ខ្ញុំបាក់ទឹកចិត្តខ្លាំង ព្រោះរដូវកាលមុនហ្នឹងខ្ញុំឧស្សាហ៍បានលេងខុសពីពេលទៅថាយហ្គឺរដំបូង តែដល់បានលេងច្រើន បែរជាជួបអ៊ីចឹងវិញ ខ្ញុំបាក់ទឹកចិត្តខ្លាំង ហើយម្យ៉ាងជារដូវកាលចុងក្រោយនៅក្លិបទៀត។ តែខ្ញុំអរគុណដល់ថាយហ្គឺរដែលបានបន្តកុងត្រាដល់ខ្ញុំ និងឲ្យខ្ញុំបានព្យាបាលជើង។ ប្រធានក្លិបថាយហ្គឺរ លោក Aki បានយកចិត្តទុកដាក់លើខ្ញុំ និងចេញថ្លៃព្យាបាលដល់ខ្ញុំ លើកទឹកចិត្តខ្ញុំកុំឲ្យបាក់ទឹកចិត្ត ឲ្យតស៊ូទៀត ហើយពួកគាត់ក៏នៅចាំជួយខ្ញុំ។ ខ្ញុំអរគុណអង្គរថាយហ្គឺរដែលតែងតែជួយជ្រោមជ្រែងខ្ញុំ។”

ពាក់ព័ន្ធនឹងស្ថានភាពរបួសបច្ចុប្បន្ន ខ្សែការពារឆ្វេងដដែលឲ្យដឹងថា បានធូរស្បើយច្រើនហើយ ដោយអាចហ្វឹកហាត់ខ្លួនឯងខ្លះៗ តែមិនទាន់ដឹងច្បាស់ថាតើពេលណាអាចចូលលេងជាថ្មីបានទេ ព្រោះអាក់ខានទៅពិនិត្យនៅក្រៅប្រទេសយូរក្រែលដែរ ដោយសារវិបត្តិជំងឺកូវីដ១៩។
គួរដឹងដែរថា តាំង ពិសី បានចូលរួមជាមួយអង្គរថាយហ្គឺរ នៅរដូវកាល២០១៨ ពីក្រុមគូប្រជែងរួមខេត្តសៀមរាប សូលទីឡូអង្គរ៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania