Conor Nestor និយាយរឿងកំពូលតារាង និងការប៉ះអង្គរថាយហ្គឺរនៅ MCL

25 Jul 2020 09:34

1533

Share :


ដើមរដូវកាល២០២០នេះ ក្រុមការពារជើងឯក Metfone Cambodian League ព្រះខ័នរាជស្វាយរៀងធ្វើបានយ៉ាងល្អ ដោយឈរកំពូលតារាងមាន១៩ពិន្ទុពីការប្រកួត៧លើក។ យ៉ាងណា លោក Conor Nestor ដែលជាគ្រូបង្គោលគិតថា ត្រូវចាំមើល៥សប្ដាហ៍ទៀតសិនទើបដឹងថាក្រុមរបស់លោកអាចល្អជាងគូប្រជែងឯទៀតឬយ៉ាងណា។

គ្រូបង្គោលមកពីសាធារណរដ្ឋអៀរឡង់ពន្យល់ “៖និយាយត្រង់ទៅ ខ្ញុំមិនដឹងថា យើងលេងល្អជាងរដូវកាលមុនឬម៉េចទេ ព្រោះយើងមិនទាន់ប៉ះក្រុមកំពូលតារាងឯទៀតទេ។ ចាំមើល៥សប្ដាហ៍ទៀតសិនទើបច្បាស់ថាយើងលេងល្អជាងរដូវកាលមុនឬយ៉ាងណា។ ប៉ុន្តែខ្ញុំគិតថា គូប្រជែងយើងជាច្រើនក៏ល្អដូចគ្នា។”

ពាក់ព័ន្ធទៅនឹងជំនួបអង្គរថាយហ្គឺរនៅ MCL សប្ដាហ៍ទី០៩ ថ្ងៃសៅរ៍ ទី២៥ ខែកក្កដានេះនៅខេត្តស្វាយរៀងវិញ លោក Conor Nestor ឃើញថា គូប្រជែងមកពីខេត្តសៀមរាបជាក្រុមអាជីពដ៏ល្អមួយដែលតែងតែប្រឹងប្រែងអស់ពីលទ្ធភាព។ 

គ្រូបង្វឹកកាន់ UEFA A-License រៀបរាប់បែបនេះ “ខ្ញុំគិតថា អង្គរថាយហ្គឺរជាក្រុមប្រកបដោយភាពអាជីពពិតៗ និងតែងតែព្យាយាមអស់ពីកម្លាំងកាយកម្លាំងចិត្ត។ ពួកគេរៀបចំបានល្អ និងមានគ្រូបង្វឹកដ៏ឆ្លាតវៃ។ 
រដូវកាលមុនយើងស្មើទាំងពីរលើក ព្រោះជើងទីមួយក្នុងដីខ្លួនឯង ខ្ញុំភ្លាត់ក្នុងការរៀបចំ តែខ្ញុំពេញចិត្តចំពោះលទ្ធផលស្មើនៅសៀមរាប ដោយសារស្ថានភាពទីលាន។” 

គួររំឭកថា ព្រះខ័នរាជស្វាយរៀងមិនទាន់ឈ្នះអង្គរថាយហ្គឺរនៅឡើយទេក្នុងជំនួប Metfone Cambodian League ចាប់តាំងពីឆ្នាំ២០១៦មក។ ប៉ុន្តែឆ្នាំទៅមិញ ក្រុមលោក Conor Nestor បានទម្លាក់អង្គរថាយហ្គឺរក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ និងបានបញ្ចប់កំណត់ត្រាមិនចាញ់សោះក្នុងដីពីគ្រប់កម្មវិធីនៅឆ្នាំ២០១៩របស់ក្រុមលោក Oriol Mohedano ទៀតផង៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania