Booysen បង្ហើបបុគ្គល៣រូបជួយខ្លួនធ្វើបានល្អនៅណាហ្គា

25 Jul 2020 13:07

1805

Share :


គ្រូបង្គោល មាស ចាន់ណា, ប្រធានក្រុម គួច សុកុម្ភៈ និងឃឹម បូរី គឺជាបុគ្គលសំខាន់៣រូបដែលបានរួមចំណែកខ្លាំងជួយឲ្យ Shane Booysen ទទួលបានផ្លែផ្កាល្អនៅដើមរដូវកាល២០២០នៃក្របខណ្ឌ Metfone Cambodian League។ នេះបើតាមការបង្ហើបផ្ទាល់ពីសាមីខ្សែប្រយុទ្ធជនជាតិអាហ្វ្រិកខាងត្បូង។

៧ប្រកួតកន្លងទៅនៅ MCL ២០២០នេះ អតីតសមាជិកភ្នំពេញក្រោនរកបាន៥គ្រាប់ និងបញ្ជូន (assist) ៣លើកដល់មិត្តរួមក្រុម។ គេថា សប្បាយចិត្តដែលបានធ្វើការជាមួយគ្រូបង្វឹកដ៏ល្អ បូករួមទាំងកីឡាករប្រកបដោយគុណភាព ជាហេតុកាន់តែមានភាពងាយស្រួលសម្រាប់ការលេងក្នុងក្រុម។ 

Booysen ពន្យល់ “៖ខ្ញុំធ្វើបានធ្វើតាមអ្វីដែលគ្រូបង្វឹកណែនាំ ហើយគាត់ក៏ជួយឲ្យខ្ញុំកាន់តែល្អប្រសើរ។ ប្រធានក្រុម កុម្ភៈ និងឃឹម បូរី ក៏ជួយខ្ញុំច្រើនដែរ អ៊ីចឹងការលេងក៏កាន់តែងាយស្រួល។ ខ្ញុំសប្បាយចិត្តមែនទែនបានធ្វើជាមួយអ្នកមានបទពិសោធច្រើនដូចពួកគាត់ អ៊ីចឹងខ្ញុំមានសុទិដ្ឋិនិយមថា អ្វីៗនឹងកាន់តែល្អជាងហ្នឹងទៀត។ ព្រះជាម្ចាស់នឹងជួយពួកយើង។”

Shane Booysen បានឈានជើងចូលណាហ្គាវើលដ៍នៅដើមរដូវកាល២០២០ ក្រោយចំណាយពេលនៅឆ្នាំ២០១៩ជាមួយនគរបាលជាតិនៅជុំទីមួយ មុនវិលទៅភ្នំពេញក្រោន ក្នុងជើងទីពីរ។ កីឡាករធ្លាប់លេងប្រទេសថៃរូបនេះក្រសោបបានប្រជាប្រិយគួរកត់សម្គាល់ពេលមកលេងនៅកម្ពុជាដំបូងក្នុងឆ្នាំ២០១៥ ដោយរួមចំណែកជួយភ្នំពេញក្រោនឈ្នះជើងឯក Metfone Cambodian League នៅរដូវកាលដដែលនោះ៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania