អ៊ុព កាម៉ុល បង្ហាញមូលហេតុមិនអាចបំបែកសំណាញ់សូលទីឡូក្នុងវគ្គទីមួយ

27 Jul 2020 13:35

932

Share :


សមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ បានយកឈ្នះសូលទីឡូអង្គរ៣ទល់នឹង០ក្នុងជំនួប Metfone Cambodian League 2020 សប្ដាហ៍ទី០៩ នៅស្តាតចាស់ កាលថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ដែល៣គ្រាប់នោះកើតឡើងនៅវគ្គទីពីរទាំងអស់ ដោយខ្សែការពារ វង្ស វិចិត្រ, ខ្សែប្រយុទ្ធ ណារ៉ុង កក្កដា និងខ្សែបម្រើ Yannick Francois។ 

ខ្សែបម្រើទ័ព អ៊ុព កាម៉ុល ដែលបង្ហាញខ្លួនពេញ៩០នាទីទទួលស្គាល់ថា ការរកមិនបានគ្រាប់បាល់នៅវគ្គទីមួយ ដោយសារក្រុមហាក់សហការគ្នាមិនទាន់ល្អ និងមិនសូវហ៊ានលេង តែក្រោយកែប្រែយុទ្ធសាស្ត្រ និងចាប់បានចំណុចខ្សោយក្រុមគូប្រជែងមកពីសៀមរាប ទើបអាចឈានទៅរកគ្រាប់បាល់បន្តបន្ទាប់ក្នុងវគ្គទីពីរ។

អតីតកីឡាករ U22 កម្ពុជា ពន្យល់ “៖វគ្គទីមួយអត់ទាន់យល់ចិត្តគ្នាច្បាស់ តែចូលដល់វគ្គទីពីរ គ្រូបន្ថែមយុទ្ធសាស្ត្រខ្លះទៀត ទើបអាចលេងបានល្អ។ ម្យ៉ាងយើងដូចអត់សូវហ៊ានលេងក្នុងវគ្គទីមួយ។ តែចូលដល់វគ្គទីពីរ យើងហ៊ានលេង ហ៊ានគ្រប់គ្រង។ យើងក៏ចាប់បានចំណុចប្រហោងរបស់សូលទីឡូអង្គរ គឺនៅសងខាង អ៊ីចឹងគ្រូឲ្យលេងច្រើននៅសងខាងហ្នឹង និងបាញ់ទៅកណ្ដាល ព្រោះបរទេសយើងមានល្បឿនលឿន និងអាចរកគ្រាប់បាន។”

អ៊ុព កាម៉ុល ក៏ស្ដាយដែរចំពោះឱកាសយ៉ាងច្រើន ជាពិសេសពីខ្សែបម្រើប្រេស៊ីល Romario Alves តែមិនអាចសម្រេចទីបានដូចបំណង។ កូនប្រុសលោក អ៊ុព សំអាង អតីតគ្រូបង្គោលទ័ពដដែលយល់ឃើញថា ប្រសិនបើប៉ះក្រុមធំៗជាមួយនឹងការលេងបែបនេះ នោះក្រុមគេនឹងពិបាកមិនខាន។ 

សម្រាប់លទ្ធផលផ្សេងៗក្នុងការប្រកួតនៅថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ដដែលនោះ វិសាខាផ្ដួលអាស៊ីអឺរ៉ុបយូណាយធីត ១០ទល់នឹង១ នៅ Prince Stadium និងព្រះខ័នរាជស្វាយរៀងរកបានជ័យជម្នះលើកដំបូងលើអង្គរថាយហ្គឺរ នៅ Metfone Cambodian League គិតចាប់ពីឆ្នាំ២០១៦ ដោយលទ្ធផល២ទល់នឹង០នៅកីឡដ្ឋានខេត្តស្វាយរៀង។ 

ចំណែកការប្រកួតនៅថ្ងៃអាទិត្យ ទី២៦ ខែកក្កដា នេះវិញ អគ្គិសនីកម្ពុជាទទួលនគរបាលជាតិ, ភ្នំពេញក្រោនទៅផ្ទះបឹងកេត និងណាហ្គាវើលដ៍ប៉ះយុវជន U18 បាទី៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania