លោក គឹម ភក្ដី ចំពោះឱ ភារុណ “៖គេនឹងក្លាយជាកីឡាករល្អនាពេលអនាគត”

28 Jul 2020 13:23

1398

Share :


លោក គឹម ភក្ដី គ្រូបង្គោលបណ្ដោះអាសន្នក្លិបបឹងកេតជឿជាក់ថា ឱ ភារុណ នឹងក្លាយជាកីឡាករដ៏ល្អមួយរូបនាពេលអនាគត ដូច្នេះហើយបានជាលោកផ្ដល់ឱកាសដល់រូបគេបង្ហាញសមត្ថភាព ជាពិសេសជំនួបធំៗដូចភ្នំពេញក្រោន ជាដើម ដើម្បីបន្សុំាបទពិសោធកាន់តែប្រសើរ។ 

ឱ ភារុណ ត្រូវបានប្ដូរចូលនៅវគ្គទីពីរជំនួសប្រធានក្រុម ហុង ផេង និងទាត់បញ្ចូលទីនៅនាទី៦៣ ក្រោយទទួលបានបាល់ពីការបញ្ជូនដោយម៉ាត់ នូរុណ និងជាគ្រាប់ទីពីរក្នុងចំណោមជ័យជម្នះ៣ទល់នឹង១លើភ្នំពេញក្រោន ជំនួប Metfone Cambodian League កាលថ្ងៃអាទិត្យ ទី២៦ ខែកក្កដា។ 

លោក គឹម ភក្ដី លើកឡើងបែបនេះ “៖យើងផ្ដល់ឱកាសដល់ឱ ភារុណ ដែលគាត់ជាកីឡាករវ័យក្មេង និងអាចក្លាយជាកីឡាករដ៏ល្អនាពេលអនាគត។ អ៊ីចឹងហើយបានជាយើងព្យាយាមផ្ដល់ឱកាសដល់គាត់ដើម្បីផ្សុំាគ្រប់ការប្រកួត។ នេះជាអ្វីដែលយើងចង់បាន។”

ចំណែក ឱ ភារុណ ផ្ទាល់ ក៏បានបង្ហាញអារម្មណ៍រីករាយដែលទទួលបានឱកាសចូលលេងការប្រកួតធំៗបែបនេះ និងអាចទាត់ចូលថែមទៀត។ គេថា កាន់តែកើនទំនុកចិត្តខ្លាំងឡើង និងអរគុណដល់គ្រូបង្វឹក ព្រមទាំងថ្នាក់ដឹកនាំចំពោះការជ្រោមជ្រែងនេះ។

ឱ ភារុណ ដែលមានប្រភពពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឈានជើងចូលហ្វឹកហាត់នៅក្រុមយុវជនបឹងកេត អំឡុងឆ្នាំ២០១៦ និងត្រូវបានដំឡើងចូលក្រុមធំនៅឆ្នាំ២០១៧។ មួយឆ្នាំក្រោយមក គេទទួលបានឱកាសចូលក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំទៀតផង៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania