ព័ត៌មានទូទៅស្ដីពីការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ២០២០

29 Jul 2020 09:27

1086

Share :


វគ្គផ្ដាច់ព្រ័ត្រស្វែងរកម្ចាស់លេខ៣ និងតំណែងជើងឯកបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត រដូវកាល២០២០ ឈានចូលមកដល់ហើយនៅរសៀលថ្ងៃពុធ ទី២៩ ខែកក្កដា នេះ ចាប់ពីម៉ោង៣រសៀលតទៅនៅពហុកីឡដ្ឋានជាតិ។ 

ការប្រកួតយកចំណាត់ថ្នាក់លេខ៣នឹងដំណើរការនៅវេលាម៉ោង៣រសៀលដល់ម៉ោង៥ល្ងាចរវាងក្រុមខេត្តសៀមរាប និងខេត្តកែប។ 
ចំណែកការប្រកួតយកជើងឯកចាប់ផ្ដើមនៅវេលាម៉ោង៦ល្ងាចរវាងក្រុមលើកពានថ្នាក់ខេត្តឆ្នាំចាស់ ត្បូងឃ្មុំ និងក្រុមខេត្តព្រៃវែង។ 
ក្នុងការប្រកួតដ៏សំខាន់ទាំងពីរនេះពុំមានការថែម១៥នាទីពីរដងទេ ដោយឈានទៅទាត់១១ម៉ែត្រកាត់សេចក្ដីតែម្ដងក្នុងករណីស្មើគ្នានៅម៉ោងធម្មតា។ 

ទាក់ទងទៅនឹងការផ្លាស់ប្ដូរកីឡាករវិញ ក្រុមនីមួយៗអាចធ្វើបានចំនួន៥រូប តែបានត្រឹម៣លើកប៉ុណ្ណោះ។ យ៉ាងណា សម្រាប់ការផ្លាស់ប្ដូរចន្លោះម៉ោងសម្រាក១៥នាទីចប់វគ្គទីមួយ ពុំត្រូវបានរាប់បញ្ចូលឡើយ។

មុនឈានដល់វគ្គផ្ដាច់ព្រ័ត្រដណ្ដើមជើងឯកថ្នាក់ខេត្ត២០២០  ព្រៃវែងបានទម្លាក់សៀមរាប និងត្បូងឃ្មុំ ឈ្នះកែប។
ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនឹងមិនអនុញ្ញាតឲ្យសាធារណជនទស្សនាផ្ទាល់នៅពហុកីឡដ្ឋានជាតិទេ ប៉ុន្តែលោកអ្នកតាមដានបានតាមរយៈការផ្សាយផ្ទាល់លើទូរទស្សន៍ និងទំព័រ Facebook របស់ BTV។

គួរបញ្ជាក់ថា ត្បូងឃ្មុំ, ព្រៃវែង, សៀមរាប និងកែប ក៏មានកៅអីវគ្គ១៦ក្រុមចុងក្រោយ ថ្នាក់ជាតិរួចជាស្រេចហើយ ។

សម្រាប់ការចាប់គូវគ្គ១៦ក្រុមថ្នាក់ជាតិនឹងរៀបចំឡើងនៅថ្ងៃទី៣១ ខែកក្កដា នាពហុកីឡដ្ឋានជាតិ មុនចាប់ផ្ដើមការប្រកួតផ្លូវការពីថ្ងៃទី១២ និង១៣ ខែសីហា ដល់វគ្គផ្ដាច់ព្រ័ត្រថ្ងៃទី២៧ ខែវិច្ឆិកា៕

អត្ថបទ៖ CNCC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania