ព្រៃវែងគ្រងជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ២០២០

30 Jul 2020 16:38

802

Share :


ក្រុមបាល់ទាត់ជម្រើសខេត្តព្រៃវែងទទួលបានតំណែងជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ២០២០ ក្រោយឈ្នះត្បូងឃ្មុំ ១ទល់នឹង០ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃពុធ ទី២៩ ខែកក្កដា នាពហុកីឡដ្ឋានជាតិ។ 

ក្នុងវគ្គទីមួយពុំមានក្រុមណាអាចរកគ្រាប់បាល់បានឡើយ ទោះមានការសំរុកគ្នាទៅវិញទៅមកតាំងពីដើមនាទីទីមួយក្ដី។
ផ្ទុយទៅវិញ ចូលដល់វគ្គទីពីរ នាទី៤៦ ខ្សែបម្រើ វឿន វ៉ា បញ្ជូនបាល់យ៉ាងល្អដល់ខ្សែប្រយុទ្ធ វុធ តុលា ឈូសចុងជើងចូលទីឲ្យព្រៃវែងនាំមុខ១ទល់នឹង០។ 


ការសំរុកគ្នាក៏កាន់តែកើនឡើង តែពុំមានការបំប៉ោងសំណាញ់ទីកើតឡើងទៀតឡើយ។ ដូច្នេះលទ្ធផល១ទល់នឹង០នេះក៏បន្តរហូតដល់ចប់៩០នាទី។ 
ចំណែកការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ ជ័យជម្នះបានទៅលើក្រុមជម្រើសខេត្តកែបដែលបានយកឈ្នះសៀមរាបដោយលទ្ធផល៣ទល់នឹង០។


គួរដឹងដែរថា ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ២០២០ មាន១៧ក្រុមចូលរួម បែងចែកជា៥ពូល។ 
សម្រាប់ការប្រកួតវគ្គ១៦ក្រុមថ្នាក់ជាតិនឹងចាប់ផ្ដើមពីថ្ងៃទី១២ និង១៣ ខែសីហា រហូតដល់ថ្ងៃទី២៧ ខែវិច្ឆិកា៕

 

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania