ឃួន ឡាបូរ៉ាវី ប្រាប់មូលហេតុបបួលម៉ាត់ នូរុណ ប្រជែងរឿងមួយ

01 Aug 2020 09:01

4673

Share :


ដោយធ្លាប់ឆ្លងកាត់បទពិសោធមានបញ្ហារបួសដ៏លំបាកខ្លាំង តែបានព្យាយាមតស៊ូរហូតទទួលបានផ្លែផ្កាបន្តបន្ទាប់នោះ អតីតខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី បានបបួលសិស្សប្អូន ម៉ាត់ នូរុណ ដែលធ្លាប់ជួបករណីដូចគ្នានេះ ប្រជែងគ្នារឿងប្រឹងប្រែងទទួលជោគជ័យក្នុងអាជីព។

បូរ៉ាវី សង្កត់ធ្ងន់ថា បានឃើញការប្រឹងប្រែង និងលទ្ធផលល្អមួយរយៈចុងក្រោយនេះ របស់នូរុណ ទោះទើបធូរស្បើយពីរបួសសរសៃពួរ។ ដូច្នេះហើយទើបអតីតខ្សែប្រយុទ្ធបឹងកេតបបួលលេងល្បែង Challenge គ្នាដើម្បីលើកទឹកចិត្តនូរុណ។ 

គ្រូយុវជនបឹងកេត ឃួន ឡាបូរ៉ាវី លម្អិតបែបនេះ “៖ឃើញរយៈពេលដែលគាត់ជាវិញ គាត់ប្រឹងច្រើន ហើយអ្វីគាត់ធ្វើហ្នឹង វាអាចជាគន្លងមួយដើរទៅភាពជោគជ័យ។ challenge ហ្នឹងដើម្បីលើកទឹកចិត្តគាត់ឲ្យប្រឹងប្រែង ក្រែងអាចធ្វើបានភាពជោគជ័យណាមួយក្នុងចំណោមជោគជ័យទាំង៣ដែលខ្ញុំបានធ្វើ។ តាំងពីយូរមកហើយ ខ្ញុំឃើញកីឡាករមួយចំនួនពេលមានបញ្ហារបួសខ្លាំងបែបនេះត្រូវបាត់មុខមួយរយៈ ហើយបានលេងលេចធ្លោឡើងវិញ។ តែសម្រាប់នូរុណវិញ គាត់អាចធ្វើបានល្អ ទោះទើបជារបួស អ៊ីចឹងហើយបានជាខ្ញុំបបួលគាត់ challenge គ្នា។”

គួររំឭកថា ឃួន ឡាបូរ៉ាវី ធ្លាប់ឆ្លងកាត់ការវះកាត់របួសជង្គង់អំឡុងខែកក្កដា ឆ្នាំ២០១២ តែមួយឆ្នាំក្រោយមក គឺនៅខែកក្កដា ឆ្នាំ២០១៣ គេបានរួមចំណែកសំខាន់ជួយព្រះខ័នរាជស្វាយរៀងឈ្នះជើងឯក Metfone Cambodian League ព្រមទាំងទទួលបានរង្វាន់ឯកត្តជន គឺកីឡាករល្អជាងគេ និងអ្នករកគ្រាប់បាល់ច្រើនជាងគេផងដែរ។

ដោយឡែក ម៉ាត់ នូរុណ ធ្លាប់របួសសរសៃពួរជង្គង់ កាលចុងឆ្នាំ២០១៨ ហើយអវត្តមានភាគច្រើននៃការប្រកួតឆ្នាំ២០១៩ និងប្រកួតដំបូងៗនៅឆ្នាំ២០២០។ ផ្ទុយទៅវិញ ប៉ុន្មានប្រកួតចុងក្រោយនៅ MCL របស់បឹងកេត គេធ្វើបានយ៉ាងល្អ ជាពិសេសក្នុងជ័យជម្នះលើភ្នំពេញក្រោន នាពេលថ្មីៗនេះ៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania