Thiago Santos បង្ហាញកត្តាខ្លះៗជុំវិញកំណើនកីឡាករប្រេស៊ីលនៅកម្ពុជា

01 Aug 2020 11:49

2553

Share :


ការកើនឡើងនៃកម្រិតបាល់ទាត់ និងរបៀបលេងប្រហាក់ប្រហែលគ្នា ត្រូវបានខ្សែបម្រើ Thiago Santos របស់ក្លិបព្រះខ័នរាជស្វាយរៀង ចាត់ទុកជាកត្តាទាក់ទាញកីឡាករប្រេស៊ីលមកប្រកបអាជីពកាន់តែច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំនៅកម្ពុជា។ 

កីឡាករប្រេស៊ីលខាងលើមើលឃើញថា គុណភាពបាល់ទាត់នៅកម្ពុជាកើនឡើងជាងមុន និងទំនងកាន់តែប្រកួតប្រជែងខ្លាំងទៀតនាឆ្នាំក្រោយៗ។ ជាមួយគ្នានេះ នៅកម្ពុជាចូលចិត្តលេងគ្រប់គ្រងបាល់, ញាក់ និងលេងបែបលឿនៗដូចនៅប្រេស៊ីល ដូច្នេះងាយស្រួលដល់កីឡាករប្រេស៊ីល។

Thiago ពន្យល់លម្អិត “៖ខ្ញុំគិតថា កម្រិតបាល់ទាត់នៅទីនេះមិនដូចពីមុនទេ ចេះតែកើនឡើងរាល់ឆ្នាំ ហើយឆ្នាំក្រោយៗក៏ទំនងប្រកួតប្រជែងខ្លាំងដែរ។ ខ្ញុំបាននិយាយជាមួយកីឡាករប្រេស៊ីលឯទៀតនៅទីនេះហើយថា នឹងព្យាយាមណែនាំកីឡាករប្រេស៊ីលមកច្រើនថែមទៀត។ កម្រិតបាល់ទាត់នៅទីនេះក៏អាចជួយយើងពង្រឹងគុណភាពបានដែរ ព្រោះប្រហាក់ប្រហែលនៅប្រេស៊ីលដែរទេ ចូលចិត្តលេងលឿនៗ, គ្រប់គ្រង និងញាក់គូប្រកួត អ៊ីចឹងមិនខុសគ្នាទេ។ កម្រិតនៅទីនេះមើលទៅនឹងអាចប្រកួតប្រជែងជាមួយក្លិបធំៗនៅលីគធំៗបាន។”

កីឡាករវ័យ៣២ឆ្នាំបញ្ជាក់ថា មុនមកដល់កម្ពុជា គេក៏បានសួរនាំមិត្តភក្ដិម្នាក់ដែរ គឺ Paulo Victor ដែលកំពុងលេងនៅភ្នំពេញក្រោន។ អ្វីជាបញ្ហាប្រឈមដំបូងនោះ គឺភាសា និងរបៀបលេងដោយកីឡាករលេងលឿនៗជាងនៅថៃដែលគេធ្លាប់ប្រកបអាជីពមុនមកដល់កម្ពុជា។ យ៉ាងណា គេបានសម្របខ្លួនយ៉ាងល្អនាពេលបច្ចុប្បន្ន។

គិតត្រឹមជើងទីមួយរដូវកាល២០២០នេះ មានក្លិបចំនួន៩ដែលប្រើប្រាស់កីឡាករប្រេស៊ីលប្រកួតប្រជែងក្នុងក្របខណ្ឌ Metfone Cambodian League ស្មើនឹង១០រូប៕

អត្ថបទ៖ CNCC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania