ត្រួសៗជុំវិញជំនួបធំ ព្រះខ័នរាជស្វាយរៀងស្វាគមន៍សិស្សប្អូន វិសាខា

02 Aug 2020 09:26

1192

Share :


នេះជាជំនួបធំប្រចាំសប្ដាហ៍ទី១០ពេលក្រុមការពារតំណែងជើងឯក ព្រះខ័នរាជស្វាយរៀង ទទួលភ្ញៀវសិស្សប្អូនវិសាខា នៅវេលាម៉ោង៦:០០ ល្ងាចថ្ងៃអាទិត្យ ទី២ សីហា នេះ ឯកីឡដ្ឋានខេត្តស្វាយរៀង។ ក្រុមម្ចាស់ផ្ទះស្ថិតនៅកំពូលតារាងមាន ២២ ពិន្ទុ តែសល់មួយប្រកួតក្នុងដៃ ខណៈក្រុមភ្ញៀវស្ថិតនៅលេខ ៣ មាន១៩ពិន្ទុ។ 

CNCC សូមលើកយកចំណុចសំខាន់ត្រួសៗជុំវិញជំនួបដ៏ធំនេះជាពិសេសគ្រូបង្វឹកទាំងពីរធ្លាប់ធ្វើការងារជាមួយគ្នាកាលឆ្នាំមុន។ លោក Curtis Colum ជាអតីតជំនួយការរបស់លោក Conor Nestor នៅក្រុមជើងឯកឆ្នាំចាស់ មុនពេលរូបលោកទៅដឹកនាំក្រុមគូប្រជែងវិសាខា។  

កីឡាករសំខាន់៖

Privat : ដ្បិតស៊ុតបាន ១០ គ្រាប់ចាញ់មិត្តរួមក្រុម Pedro ចំនួន ២ គ្រាប់។ ប៉ុន្តែ ខ្សែប្រយុទ្ធកាមេរ៉ូនរូបនេះមិនអាចប្រហែសបានទេ។ គេអាចទាញកម្លាំងខ្សែការពារ និង បញ្ជូនឲ្យ Pedro និង មិត្តរួមក្រុមដទៃទៀតស៊ុតងាយៗក្នុងការប្រកួតកន្លងមក។ ម្ចាស់ស្បែកជើងមាសឆ្នាំចាស់រូបនេះក៏ចេះបង្កើតឱកាសស៊ុតខ្លួនឯង និង ញាក់ដាច់ខ្សែការពារជាហូរហែ។ 

កែវ សុខផេង ៖ គេជាប្រធានក្រុមមិនអាចខ្វះបានហើយក៏ជាកីឡាករនាំលេងដ៏មានប្រសិទ្ធភាព។ សុខផេង ជាខ្សែប្រយុទ្ធខ្មែរដែលរកបានរហូតដល់ ៨ គ្រាប់ស្មើនឹងមិត្តរួមក្រុម រ៉ឹង ប៊ុនហៀង និងស្ថិតក្នុងចំណោមខ្សែប្រយុទ្ធខ្មែររកគ្រាប់បានច្រើនជាងគេនៅសប្ដាហ៍ទី៩។ សុខផេង អាចស៊ុតពីដំបូលទូក, បញ្ជូន និងលេងបម្រើកណ្ដាល ឬស្លាប ដ៏មានគុណភាព។ ហើយនេះជាឱកាសមួយដើម្បីដាក់ផែនការយក ៣ ពិន្ទុពីក្រុមម្ចាស់ផ្ទះក៏ថាបាននៅថ្ងៃនេះ។ 

ជម្រើស១១នាក់ដែលគ្រូបង្វឹកចូលចិត្តប្រើរបស់ក្រុមទាំងពីរ៖ 

ព្រះខ័នរាជស្វាយរៀង នៅតែស្រពិចស្រពិលចំពោះខ្សែបម្រើ ប្រាក់ មុន្នីឧត្ដម ប៉ុន្តែ មិនជាបញ្ហាចោទទេសម្រាប់លោក Conor Nestor ព្រោះកីឡាកររបស់លោកសុទ្ធតែមានគុណភាពស្រាប់។ ជម្រើស ១១ នាក់ដែលលោក Nestor អាចដាក់លេងមាន៖ 

អ្នកចាំទី អោម ឧត្ដម, 

ខ្សែការពារ៤៖ សឿយ វិសាល, Campbell, សារ៉េត គ្រីយ៉ា, សុខ សំណាង, 

ខ្សែបម្រើ ៤៖ Daisuke, Thiago, សំអឿន ពិដោរ,  ហូយ ផល្លីន, 

ខ្សែប្រយុទ្ធពីរ ៖ Pedro, Privat  

វិសាខា៖

ក្នុងប្រកួតចុងក្រោយកាលប៉ះអាស៊ីអឺរ៉ុបយូណាយធីត ខ្សែការពារ ងយ ស្រ៊ីន មិនបានលេងក្នុងជម្រើសដំបូងតែបានប្ដូរចូល និង រកបានមួយគ្រាប់ទៀតផង។ ក្រៅពីខ្សែការពារ រស់ សំអឿន នៅព្យាបាលរបួស កីឡាករវិសាខាមិនមានបញ្ហាទៀតឡើយផ្នែកសុខភាព។ យ៉ាងណាក្ដី ការប្រកួតនេះ ងយ ស្រ៊ីន ទំនងចូលលេងជាមិនខាន ព្រោះគេជារនាំងការពារដ៏ល្អប្រចាំក្រុម។ ដូច្នេះជម្រើស ១១ ដែលលោក Curtis ទំនងដាក់មាន៖ 

អ្នកចាំទី៖ កែ សុខសិលា, 

ខ្សែការពារ ៤ ៖ ងយ ស្រ៊ីន, Mohammed, អ៊ុក សុវណ្ណ, ឆេង ម៉េង, 

ខ្សែបម្រើ ៣៖ ស៊ិន កក្កដា, អ៊ិន សុដាវីឌ, Zazai 

ខ្សែប្រយុទ្ធ ៣ ៖ រ៉ឹង ប៊ុនហៀង, Mihaljevic, កែវ សុខផេង 

 

ជំនួប៤លើកក្នុង២រដូវកាលចុងក្រោយនៅលីគកំពូល៖

វិសាខា ១-១ ព្រះខ័នរាជស្វាយរៀង  ២៣ កញ្ញា ២០១៩ 

ព្រះខ័នរាជស្វាយរៀង ៥-៣ វិសាខា ២ មិថុនា ឆ្នាំ ២០១៩ 

វិសាខា ៣ -២ ព្រះខ័នរាជស្វាយរៀង ៩ មិថុនា ២០១៨ 

ព្រះខ័នរាជស្វាយរៀង ៥-៤ វិសាខា ៣០ កញ្ញា ២០១៨ 

លទ្ធផល៣លើកចុងក្រោយរបស់ក្រុមទាំងពីរ៖

 

យុវជនបាទី ០-១០ ព្រះខ័នរាជស្វាយរៀង 

ព្រះខ័នរាជស្វាយរៀង ៧-២ អាស៊ីអឺរ៉ុបយូណាយធី

ព្រះខ័នរាជស្វាយរៀង ២-០ អង្គរថាយហ្គឺរ

 

វិសាខា

វិសាខា ៤ - ០ អគ្គិសនីកម្ពុជា

យុវជនបាទី ០ – ៦ វិសាខា 

វិសាខា ១០ – ១ អាស៊ីអឺរ៉ុបយូណាយធីត 

តើក្រុមណាទទួលជ័យជម្នះនៅស្វាយរៀងនាសប្ដាហ៍ទី១០នេះ?

អត្ថបទ៖ CNCC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania