ថ្នាក់ដឹកនាំក្រុមការពារជើងឯកបឹងកេតមើលឃើញពានសម្ដេចតេជោ២០២០កាន់តែមានសន្ទុះ

02 Aug 2020 11:37

1116

Share :


លោក បែ មករា អ្នកចាត់ការទូទៅក្លិបបឹងកេត មើលឃើញថា ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២០ ជាពិសេសថ្នាក់ខេត្តមានសន្ទុះអភិវឌ្ឍន៍កាន់តែខ្លាំងជាងមុនដែលមិនអាចមើលស្រាលបានឡើយ។ 

ថ្នាក់ដឹកនាំក្រុមជើងឯកថ្នាក់ជាតិ២០១៩ថ្លែងបែបនេះក្នុងពិធីចាប់គូវគ្គ១៦ក្រុមថ្នាក់ជាតិរដូវកាល២០២០ នាព្រឹកថ្ងៃសុក្រ ទី៣១ ខែកក្កដា នាពហុកីឡដ្ឋានជាតិ។ លោករំពឹងថា ការប្រកួតថ្នាក់ជាតិឆ្នាំថ្មីនេះក៏នឹងកាន់តែតានតឹងជាងឆ្នាំមុនៗ។

លោក បែ មករា រៀបរាប់បែបនេះ “៖ចំពោះពានសម្ដេចតេជោ ហ៊ុន សែន លើកទី១៤ ឆ្នាំ២០២០នេះ ខ្ញុំសង្កេតឃើញថា ក្រុមរីកចម្រើនច្រើនជាងមុន ជាពិសេសមកពីខេត្តដែលមានការអភិវឌ្ឍគួរកត់សម្គាល់ដែលមិនអាចមើលស្រាលបានទេ។ ប្រែប្រួលកម្រិតលេងខ្ពស់ជាងមុន និងមានយុវជនជាច្រើនលេងឲ្យក្រុមខេត្ត។ ដូច្នេះខ្ញុំសង្កេតឃើញថា នឹងកាន់តែប្រកួតប្រជែងជាងមុន ហើយក្រុមយើង (បឹងកេត) នឹងធ្វើការធ្ងន់ថែមទៀតដើម្បីការពារតំណែងជើងឯក។”

គួររំឭកថា បឹងកេត បានឈ្នះព្រះខ័នរាជស្វាយរៀង ដោយបាល់កាត់សេចក្ដី១១ម៉ែត្រយកជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ២០១៩ និងជាលើកដំបូងរបស់ខ្លួន។ នៅឆ្នាំ២០២០ ក្នុងវគ្គ១៦ក្រុម បឹងកេតត្រូវជួបគូប្រកួតចាស់ គឺជម្រើសខេត្តសៀមរាបដែលទទួលបានចំណាត់ថ្នាក់លេខ៤ថ្នាក់ខេត្ត នៅឆ្នាំនេះ។

ដោយឡែក ព្រៃវែង ជាក្រុមជើងឯកសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត, ត្បូងឃ្មុំ ទទួលបានចំណាត់ថ្នាក់លេខពីរ និងកែប បានលេខ៣៕

អត្ថបទ៖ CNCC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania