អ្នកចាត់ការគិរីវង់ប្រាប់ពីស្ថានភាពបច្ចុប្បន្នរបស់គង់ រ៉ាហ្វាត

03 Aug 2020 11:09

1652

Share :


អ្នកចាំទី គង់ រ៉ាហ្វាត បានធូរស្បើយច្រើនហើយពីការប៉ះទង្គិចគ្នាជាមួយខ្សែការពារ ខែក ខេមរិន្ទ របស់សមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទុក្នុងជំនួប Metfone Cambodian League 2020 កាលថ្ងៃសៅរ៍ ទី០១ ខែសីហា។ នេះបើតាមការឲ្យដឹងពីលោក ឌុក វាសនា ដែលជាអ្នកចាត់ការក្រុម។ 

ថ្នាក់ដឹកនាំដដែលបន្តថា រ៉ាហ្វាត ត្រូវបានបញ្ជូនទៅពិនិត្យបន្តនៅរាជធានីភ្នំពេញ ពីខេត្តតាកែវ និងបានត្រលប់ទៅផ្ទះវិញហើយ បន្ទាប់ពីបានធូរស្បើយ ដោយគ្រាន់តែនៅឈឺថ្គាម។ លោក ឌុក វាសនា បញ្ជាក់ថា អាចនឹងទុកអ្នកចាំទីវ័យក្មេងរូបនេះសម្រាកពីជម្រើសទីមួយក្នុងការប្រកួតសប្ដាហ៍ទី១១ខាងមុខ ដើម្បីឲ្យស្ថានភាពកាន់តែពេញលេញ១០០ភាគរយ។

លោក ឌុក វាសនា លម្អិតបែបនេះ “៖ធូរស្បើយវិញអាចបាន តែពិបាកញុំាព្រោះត្រូវថ្គាម។ ដំបូងបញ្ជូនទៅពេទ្យខេត្ត តែយើងចេះតែបារម្ភ ហើយយើងចង់ឲ្យបានពេទ្យទំនើបមើលគាត់ អ៊ីចឹងបញ្ជូនទៅភ្នំពេញតែម្ដង និងបានជិតគ្រួសារគាត់ផង។ ពេទ្យឲ្យមកផ្ទះវិញធម្មតាហើយ គ្រាន់តែស្អំទឹកកកតិចតួចថែម និងបានស្កេនរួចរាល់ហើយដែរ។ ប្រកួតអាទិត្យក្រោយ ប្រហែលអត់ទាន់ដាក់គាត់លេងភ្លាមទេ ព្រោះយើងចង់មើលថែគាត់ឲ្យស្រួលបួល១០០ភាគរយវិញសិន។ ឥឡូវគាត់កំពុងសម្រាកនៅផ្ទះ គាត់បានឆាតមកខ្ញុំដែរ។”

គួរដឹងដែរថា អ្នកចាំទី គង់ រ៉ាហ្វាត បានសន្លប់ធំក្រោយប៉ះទង្គិចគ្នាជាមួយខែក ខេមរិន្ទ ពេលលោតទះបាល់ជ្រុងនៅនាទី៥៣។ គេត្រូវបានដឹកទៅពិនិត្យនៅពេទ្យខេត្តភ្លាមៗ និងបញ្ជូនបន្តទៅរាជធានីភ្នំពេញនៅរាត្រីថ្ងៃដដែល។ 

អតីតសមាជិកសូលទីឡូអង្គររូបនេះបានចូលរួមជាមួយគិរីវង់សុខសែនជ័យនៅរដូវកាល២០២០៕

អត្ថបទ៖ CNCC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania