គ្រូយុវជនបាទីលើកឡើងពីចំនុចខ្លាំង និងខ្សោយរបស់កូនក្រុម ក្នុងរដូវកាលនេះ

03 Aug 2020 13:45

1661

Share :


លោក Koji Kyotoku គ្រូបង្វឹកក្រុមបាល់ទាត់សាលាបាល់ទាត់បាទី អាយុក្រោម ១៨ឆ្នាំ បានលើកឡើងថា ភាពស៊ីចង្វាក់គ្នាពីមួយប្រកួតទៅមួយប្រកួត គឺជាសញ្ញាណវិជ្ជមានមួយសម្រាប់ក្រុម តែថាបញ្ហាចម្បងដែលក្រុមកំពុងជួបប្រទះ គឺការបញ្ចប់ទីពុំបានល្អ ដោយ ៩ប្រកួតកន្លងមក រកបានត្រឹម ១គ្រាប់ប៉ុណ្ណោះ។

«ខ្ញុំបានមើលឃើញពីវឌ្ឍនភាពរបស់ពួកគេ ក្នុងការលេងតាំងពីដើមរដូវកាល រហូតមកទល់សប្ដាហ៍នេះ។ ពួកគេកាន់តែយល់ចិត្តគ្នាបានល្អប្រសើរជាងមុន ហើយភាពវ័យឆ្លាត និងការយល់ពីរបៀបលេង ក៏ឃើញថា កាន់តែមានគុណភាពជាងមុនដែរ។ ប៉ុន្តែអ្វីដែលយើងកំពុងបារម្ភខ្លាំងនោះ គឺគុណភាពបញ្ចប់ទីរបស់ពួកគេ ដូចបានឃើញហើយ យើងទើបតែទាត់បញ្ចូលទីបានមួយគ្រាប់គត់ ក្នុងពេល ១០សប្ដាហ៍មកនេះ»។

បែបណាក្ដី គ្រូបង្វឹកជនជាតិជប៉ុន ទទួលភារៈដឹកនាំក្រុមជម្រើសជាតិអាយុក្រោម ១៨ឆ្នាំផងនោះ នៅតែមានសុទិដ្ឋិនិយមថា កូនក្រុមរបស់លោកនឹងបង្ហាញពីវឌ្ឍនភាពបន្ថែមទៀត នាពេលដ៏ខ្លីខាងមុខ ពិសេសអាចបង្កើនសមត្ថភាពបំប៉ោងសំណាញ់ទីគូប្រកួតបានច្រើនជាងនេះ។

គួរដឹងដែរថា ៩សប្ដាហ៍ នៅលីគកំពូលកម្ពុជា យុវជនបាទី ពុំអាចរកគ្រាប់បាល់បញ្ចូលទីគូប្រកួតបានឡើយ ទើបចូលដល់សប្ដាហ៍ទី ១០ កាលលេងទល់នឹងនគរបាលជាតិទេ ដែលពួកគេទាត់បញ្ចូលទីបានសម្រេច ដោយកីឡាករ ផាត សុខា ក្នុងជំនួបស្មើគ្នា ១-១។ យុវជនបាទី កំពុងស្ថិតនៅបាតតារាងចំណាត់ថ្នាក់ ដោយ ៩ប្រកួតកន្លងមក ស្មើ ២លើក ចាញ់ ៧លើក ពុំដែលឈ្នះ ហើយត្រូវគូប្រកួតបំប៉ោងសំណាញ់ទីដល់ទៅ ៣៥គ្រាប់៕

អត្ថបទ៖ CNCC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania