ថ្នាក់ដឹកនាំសមាគមបាល់ទាត់ ខ.ភ.ម ទៅសួរសុខទុក្ខ គង់ រ៉ាហ្វាត ដល់គេហដ្ឋាន

04 Aug 2020 12:44

1315

Share :


លោក ខូវ ឆាយ អគ្គលេខាធិការសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ និងខ្សែការពារ ខែក ខេមរិន្ទ នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែសីហា នេះបានទៅសួរសុខទុក្ខអ្នកចាំទី គង់ រ៉ាហ្វាត ដល់គេហដ្ឋាននៅឯភូមិព្រែកក្ដាម ស្រុកពញាឮ ខេត្តកណ្ដាល។ 

ការទៅសួរសុខទុក្ខដោយផ្ទាល់នេះធ្វើឡើងពីរថ្ងៃបន្ទាប់ពីរ៉ាហ្វាត និងខេមរិន្ទ ប៉ះទង្គិចគ្នាដោយចៃដន្យពេលលើកបាល់ជ្រុងនៅនាទី៥៣ បណ្ដាលឲ្យអ្នកចាំទីក្លិបគិរីវង់សុខសែនជ័យរូបនេះសន្លប់ធំ និងត្រូវបានបញ្ជូនភ្លាមទៅកាន់មន្ទីរពេទ្យ ហើយក៏បន្តទៅដល់រាជធានីភ្នំពេញថែមទៀត។ 

លោក ខូវ ឆាយ បញ្ជាក់ថា ការសួរសុខទុក្ខនេះ ក៏ដោយសារតែថ្នាក់ដឹកនាំក្រុមទាំងពីរមានទំនាក់ទំនងល្អជាមួយគ្នាផង និងក្នុងនាមជាអ្នកកីឡាដូចគ្នា។ លោកថា ភាគីទាំងពីរសុទ្ធតែទទួលស្គាល់ថា ឧបត្តិហេតុខាងលើសុទ្ធតែជារឿងចៃដន្យដែលមិនចង់ឲ្យកើតមានឡើងដូចគ្នា។

លោក ខូវ ឆាយ បញ្ជាក់លម្អិត “៖តាមពិតយើងចង់ទៅមើលគាត់ភ្លាមពេលទៅដល់ពេទ្យ តែយប់ពេក ហើយម្យ៉ាងយើងចង់ឲ្យគាត់បានសម្រាប្រសើរសិន។ ថ្នាក់ដឹកនាំក្រុមទាំងពីរសុទ្ធតែជាអ្នករាប់អានគ្នា ទាំងឯកឧត្តម តែម ម៉ឺន, លោក Supachai ដែលជាប្រធានក្លិប និងឯកឧត្តម សុខ សប្បាយណា។ ឧបត្តិហេតុនេះសុទ្ធតែកើតឡើងដោយចៃដន្យក្នុងបាល់ទាត់។ យើងបានសួរសុខទុក្ខពីអាការៈរបស់គាត់ និងស្ដាយដែលរឿងហ្នឹងកើតឡើងរហូតដល់គាត់សន្លប់។ ឥឡូវគាត់ធូរច្រើនហើយ អត់មានបញ្ហាអីទេ គ្រាន់តែនៅឈឺកន្លែងប៉ះហ្នឹងតិចតួច។ ខេមរិន្ទ ក៏ឈឺភ្លៅ អត់ទាន់ដើរស្រួលទេ។ វាជាឧបត្តិហេតុសុទ្ធសាធ។ យ៉ាងណា រ៉ាហ្វាត មានរបួសធ្ងន់ធ្ងរជាងអ៊ីចឹងយើងក៏បង្ហាញការសោកស្ដាយ និងសូមអភ័យទោសដល់ឪពុកម្ដាយគាត់ និងបានលើកទឹកចិត្តគាត់ឲ្យរក្សាខ្លួនដើម្បីហ្វឹកហាត់បន្តទៀត។ ឪពុកគាត់ក៏យល់ពីករណីនេះដែរ ព្រោះគាត់ក៏ជាអ្នកលេងបាល់។”

ថ្នាក់ដឹកនាំដដែលក៏បានសូមការយោគយល់ពីអ្នកគាំទ្រក្លិបទាំងសងខាងពីឧបត្តិហេតុកើតឡើងកាលថ្ងៃសៅរ៍ និងថា នេះជាករណីដែលតែងតែអាចកើតឡើងក្នុងបាល់ទាត់ ហើយកីឡាករសុទ្ធតែមិនអាចដឹងមុនទាំងអស់គ្នា ព្រោះព្យាយាមរត់ទៅរកបាល់រៀងខ្លួន។

លោក ខូវ ឆាយ បញ្ជាក់បន្ថែមថា នឹងណែនាំកូនក្រុមព្យាយាមបញ្ចៀសការប៉ះទង្គិចគ្នាកម្រិតធ្ងន់បែបនេះ ជាពិសេសកីឡាករខ្មែរដូចគ្នា ដើម្បីបង្ការហានិភ័យណាមួយដែលអាចនាំឲ្យប៉ះពាល់ដល់អាជីពពួកគេ៕

អត្ថបទ៖ CNCC 
ប្រភពរូប៖ TIFFY ARMY Football Club-សមាគមកីឡាបាល់ទាត់ ខ ភ ម

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania