ណារ៉ុង កក្កដា និយាយពីការកើនសមត្ថភាពជាងមុន

04 Aug 2020 13:18

934

Share :


ខ្សែប្រយុទ្ធ ណារ៉ុង កក្កដា បានបង្ហាញសមត្ថភាពគួរកត់សម្គាល់នៅរដូវកាល២០២០នៃក្របខណ្ឌ Metfone Cambodian League ដោយអាចរកបាន៥គ្រាប់ពីការប្រកួត១០លើករបស់សមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ។

កីឡាករមានកំណើតនៅខេត្តបាត់ដំបងលើកឡើងថា លទ្ធផលផ្លែផ្កានេះកើតឡើងពីការខិតខំប្រឹងប្រែង បំពេញចំណុចខ្វះខាត និងព្យាយាមយល់ពីតាក់ទិចរបស់គ្រូបង្វឹក។ មិនតែប៉ុណ្ណោះ គេក៏តែងតែស្រាវជ្រាវមើលបទពិសោធពីបរទេសទៀតផង។

កក្កដា រៀបរាប់ “៖កត្តាទីមួយ គឺការខំប្រឹងរបស់ខ្លួនឯងផ្ទាល់ និងការយកចិត្តទុកលើតាក់ទិចគ្រូ ព្យាយាមធ្វើវា ព្យាយាមយកគ្រាប់បាល់ឲ្យច្រើន។ ពាក់ព័ន្ធនឹងការសម្រេចទី ខ្ញុំព្យាយាមកែតម្រូវចំណុចខ្វះខាតពីរដូវកាលមុន ដែលកាលណោះមិនសូវយកចិត្តទុកដាក់។ និយាយឲ្យច្បាស់ទៅ ខ្ញុំយកចិត្តទុកខ្លាំងតែម្ដង។ រដូវកាលនេះ ខ្ញុំមានទំនុកចិត្តជាងមុនក្នុងការសម្រេចទី។ ខ្ញុំនឹងព្យាយាមបន្ថែមទៀតឲ្យកាន់តែច្បាស់។ ពេលខ្លះខ្ញុំមើលវីដេអូ ដូចនៅអឺរ៉ុបអ៊ីចឹង ខ្ញុំមើល ខ្ញុំអនុវត្តតាម ហើយពេលខ្លះធ្វើបានជោគជ័យ ពេលខ្លះក៏អត់ទៅ តែខ្ញុំតែងតែមើលមុនការប្រកួតមកដល់។”

ដោយសារការបង្ហាញសមត្ថភាពយ៉ាងល្អនេះដែរ ខ្សែបម្រើប្រេស៊ីល Romario Alves ដែលជាមិត្តរួមក្រុម ជឿជាក់ថា ណារ៉ុង កក្កដា នឹងមានអនាគតល្អ។
Romario បង្ហាញការយល់ឃើញបែបនេះ “៖ គាត់គឺជាកីឡាករឆ្នើមម្នាក់ដែលមានអនាគតល្អ។ វាងាយស្រួលក្នុងការលេងជាមួយកីឡាករឆ្លាតវៃដូចគាត់។ គាត់សប្បាយចិត្តខ្លាំងណាស់ ព្រោះគាត់បានរកគ្រាប់បាល់នៅការប្រកួតចុងក្រោយនេះ។ ខ្ញុំសង្ឃឹមថាគាត់នៅតែបន្តផ្លែផ្កានេះ ដើម្បីជួយក្រុម។ ខ្ញុំក៏សប្បាយចិត្តព្រោះខ្ញុំបានជួយគាត់ ហើយគាត់ក៏អាចធ្វើបានសម្រេច។”

គួររំឭកថា ណារ៉ុង កក្កដា ជាអ្នករកគ្រាប់បាល់យកឈ្នះម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ ០ទល់នឹង១ កាលថ្ងៃសៅរ៍ ទី០១ ខែសីហា ដែលនាំកងយោធពលខេមរភូមិន្ទរំកិលឡើងទៅកាន់លេខ៦ក្នុងតារាងពិន្ទុសរុប មាន១៧ពិន្ទុពីការប្រកួត១០លើក៕

អត្ថបទ៖ CNCC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania