ទេស សម្បត្តិ តាំងចិត្តជួយបឹងកេតឈ្នះជើងឯកយ៉ាងហោចមួយនៅរដូវកាលនេះ

05 Aug 2020 12:44

2227

Share :


យ៉ាងហោចឈ្នះពានរង្វាន់មួយក្នុងចំណោមជើងឯកធំៗទាំងពីរ គឺ Metfone Cambodian League និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ត្រូវបានខ្សែការពារ ទេស សម្បត្តិ ចាត់ទុកជាគោលដៅមួយរបស់ខ្លួនជាមួយបឹងកេតនៅរដូវកាល២០២០។ 

កន្លងទៅថ្មីៗមានលេចឮដំណឹងចង់បានរូបគេពីសំណាក់ក្រុមគូប្រជែងក្នុងស្រុកឯទៀតដែរ ប៉ុន្តែខ្សែការពារវ័យ២០ឆ្នាំខាងលើចង់ផ្ដោតជួយបឹងកេតក្នុងយុទ្ធនាការ២០២០នេះជាមុនសិន ដោយមិនទាន់គិតគូរពីរឿងអនាគតឡើយ។

ទេស សម្បតិ្ត បង្ហាញពីការប្ដេជ្ញាចិត្តបែបនេះ “៖មានក្លិបចំនួន៣ទាក់ទងខ្ញុំដែរ តែខ្ញុំផ្ដោតជួយបឹងកេតជាមុនសិនក្នុងការប្រកួតសេសសល់រហូតដល់ចប់រដូវកាល។ ទោះមានគេទាក់ទងច្រើន តែខ្ញុំនៅជួយបឹងកេត ឲ្យចប់រដូវកាលហ្នឹងសិន ខ្ញុំប្រឹងអស់លទ្ធភាពដែលខ្ញុំមាន។ តទៅមុខទៀតខ្ញុំអត់ទាន់គិតទេ ខ្ញុំផ្ដោតជួយក្លិបយ៉ាងហោចឈ្នះជើងឯកអីមួយក្នុងឆ្នាំហ្នឹង។”

គួរដឹងដែរថា ទេស សម្បត្តិ បានផ្លាស់ពីសាលាបាល់ទាត់ជាតិបាទី ទៅបឹងកេត នៅដំណាច់រដូវកាល២០១៨ និងរួមចំណែកឈ្នះពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ២០១៩ នៅទ្រនំថ្មីនេះដែរ។ 

កីឡាករមានកំណើតនៅខេត្តកំពង់ស្ពឺ និងជាសមាជិកក្រុមជម្រើសជាតិកម្ពុជា បានបង្ហាញសមត្ថភាពកាន់តែលេចធ្លោ នៅក្របខណ្ឌ Metfone Cambodian League 2020 ខណៈបឹងកេតមិនទាន់ចាញ់នៅឡើយទេពីការប្រកួត៩លើកកន្លងទៅ៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania