នគរបាលជាតិបង្ហាញក្ដីរំពឹងចំពោះការមកដល់របស់ម៉ាត់ យ៉ាមីន

06 Aug 2020 12:25

2629

Share :


ក្លិបបាល់ទាត់នគរបាលជាតិបានប្រកាសជាផ្លូវការពីការចុះកិច្ចសន្យាជាមួយខ្សែបម្រើ ម៉ាត់ យ៉ាមីន ដែលមានសុពលភាពចាប់ពីជុំទីពីរ ឆ្នាំ២០២០ រហូតដល់ដំណាច់រដូវកាល២០២១។ 

លោក សារ៉េត ស៊ីដន នាយកផ្នែករដ្ឋបាលក្លិបនគរបាលជាតិបញ្ជាក់ថា ក្រុមរបស់លោកនឹងជ្រោមជ្រែងដល់អតីតសមាជិកក្លិបបឹងកេតខាងលើបង្ហាញសមត្ថភាពសាជាថ្មី ក្រោយផ្អាកពីទីលានតាំងពីដើមជុំទីមួយ និងសង្ឃឹមថា វត្តមាននៅក្លិបលោកអាចជួយឲ្យមានគេឱកាសជាប់ជម្រើសជាតិ។ 

ថ្នាក់ដឹកនាំខាងលើរៀបរាប់បែបនេះ “៖យើងនឹងផ្ដល់ឱកាសដល់គាត់បង្ហាញសមត្ថភាពនៅទីនេះ ហើយប្រឹងប្រែងធ្វើការជាមួយក្រុមនគរបាលជាតិ និងសង្ឃឹមថា គាត់អាចបង្ហាញសមត្ថភាពល្អ ដើម្បីមានឱកាសជាប់ជម្រើសជាតិ។ ដោយសហការជាមួយមុំ សុធាវ៉ាន់, ជ័យ ចិត្រា និងអ៊ុល រ៉ាវី ខ្ញុំជឿជាក់ថា គាត់នឹងអាចជួយតំបន់កណ្ដាលរបស់យើងឲ្យបានល្អ។”

គួរដឹងដែរថា ម៉ាត់ យ៉ាមីន ដែលធ្លាប់លេងឲ្យបៀលប្រាយយូណាយធីតផងនោះ បានចូលរួមជាមួយបឹងកេត នៅរដូវកាល២០១៦ និងរួមចំណែកឈ្នះជើងឯក Metfone Cambodian League ពីរលើក គឺនៅឆ្នាំដំបូងរបស់ខ្លួន និងរដូវកាល២០១៧។ 

ក្រោយលើកពានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ២០១៩ យ៉ាមីន បានចាកចេញពីបឹងកេត នៅដើមឆ្នាំ២០២០៕

អត្ថបទ៖ CNCC
ប្រភពរូបៈ ក្លិបបាល់ទាត់នគរបាលជាតិ

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania