ខែក ខេមរិន្ទ បញ្ជាក់ស្ថានភាពរបួសភ្លៅពីការប៉ះទង្គិចជាមួយគង់ រ៉ាហ្វាត

06 Aug 2020 17:12

2371

Share :


ខ្សែការពារសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទបង្ហើបថា បានធូរស្បើយខ្លះហើយពីរបួសភ្លៅដែលកើតឡើងពេលប៉ះទង្គិចគ្នាជាមួយអ្នកចាំទី គង់ រ៉ាហ្វាត របស់គិរីវង់សុខសែនជ័យ អំឡុងការប្រកួតក្របខណ្ឌ Metfone Cambodian League កាលថ្ងៃសៅរ៍ ទី០១ ខែសីហា។ 

ខេមរិន្ទ បញ្ជាក់ថា ក្រោយត្រូវជង្គង់ពីអ្នកចាំទី គង់ រ៉ាហ្វាត ដោយចៃដន្យ ធ្វើឲ្យភ្លៅរបស់គេឡើងជាំ និងពិបាកដើរ ដោយត្រូវចំណាយពេលពីរថ្ងៃទើបអាចដើរបានវិញខ្លះៗ។ ក្រៅពីស្អំទឹកកក គេក៏ព្យាបាលតាមបែបវិទ្យាសាស្ត្រផងដែរ។

អតីតកីឡាករជម្រើសជាតិកម្ពុជាលម្អិតបែបនេះ “៖វាជាំជ្រៅទៅក្នុង។ រយៈពេលពីរថ្ងៃទើបដើររួចខ្លះៗ និង ត្រង់ជាងមុន។ វានៅឈឺពីភ្លៅ ស្រៀវៗដល់ជង្គង់។ ឥឡូវបានព្យាបាលតាម ultra sound, ឆក់ និងស្អំទឹកកក រៀងរាល់ថ្ងៃ។ បាត់ជំាំហើយ ហើយហើមអីក៏ស្រកដែរ តែនៅឈឺ។ អត់អាចចូលរួមហ្វឹកហាត់ជាមួយគេបានទេ។”

ខ្សែការពារសម្បូរបទពិសោធដដែលគិតថា ទំនងមិនអាចជួយទ័ពបានឡើយសម្រាប់ការប្រកួតសប្ដាហ៍ក្រោយ ព្រោះត្រូវការពង្រឹងកម្លាំងបន្ថែម ដោយសារមិនបានហាត់ពេញលេញជាមួយមិត្តរួមក្រុមឯទៀត ដោយបានត្រឹមធ្វើលំហាត់ស្រាលៗប៉ុណ្ណោះ។

គួរដឹងដែរថា ហេតុការណ៍ជាយថាហេតុនេះកើតឡើងនៅនាទី៥៣ ពេលអ្នកចាំទី គង់ រ៉ាហ្វាត លោតទៅទះបាល់ ហើយខែក ខេមរិន្ទ ស្ទុះទៅមុខ ក៏ប៉ះគ្នាទៅវិញទៅមកតែម្ដង។ករណីនេះបណ្ដាលឲ្យគង់ រ៉ាហ្វាត សន្លប់ធំ និងត្រូវបានបញ្ជូនបន្តមកសម្រាកព្យាបាលនៅភ្នំពេញ ខណៈខែក ខេមរិន្ទ របួសភ្លៅខ្លាំង៕

អត្ថបទ៖ CNCC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania