Conor Nestor មើលឃើញកីឡាករពីររូបនេះកំពុងលេចធ្លោនៅណាហ្គា

07 Aug 2020 11:12

4994

Share :


Marques Marcio និង Yuta Naruse ត្រូវបានលោក Conor Nestor គ្រូបង្គោលក្លិបព្រះខ័នរាជស្វាយរៀង ចាត់ទុកជាកម្លាំងដ៏គ្រោះថ្នាក់ជាពិសេសនៅតំបន់ប្រយុទ្ធរបស់ណាហ្គាវើលដ៍ សម្រាប់រដូវកាល២០២០។ 

គ្រូបង្វឹកក្រុមការពារតំណែងជើងឯក Metfone Cambodian League ថ្លែងបែបនេះមុនក្រុមទាំងពីរប៉ះគ្នានៅល្ងាចថ្ងៃសៅរ៍ ទី០៨ ខែសីហា នាកីឡដ្ឋានខេមរភូមិន្ទ។ លោក Conor ទទួលស្គាល់ថា វត្តមានរបស់ Marcio និង Yuta នឹងធ្វើឲ្យក្រុមរបស់លោកជួបការលំបាកក្នុងការការពារសំណាញ់ទី។

លោក Conor Nestor បង្ហាញការយល់ឃើញបែបនេះ “៖ យើងមើលឃើញកីឡាករថ្មីៗមួយចំនួនរបស់ណាហ្គា។ បើនិយាយពីកីឡាករខ្មែរវិញ យើងបានស្គាល់ច្បាស់ហើយ។ ចំពោះ Yuta និង Marcio វិញ ពួកគេគឺជាកម្លាំងប្រយុទ្ធដ៏គ្រោះថ្នាក់ អ៊ីចឹងយើងនឹងត្រូវធ្វើការធ្ងន់ និងព្យាយាមរក្សាសំណាញ់ទីរបស់យើង។”

ពាក់ព័ន្ធនឹងការរបូតកំណត់ត្រាមិនចាញ់ដោយសារណាហ្គាវើលដ៍នៅរដូវកាលមុនវិញ គ្រូបង្វឹកមកពីសាធារណរដ្ឋអៀរឡង់អះអាងថា នៅតែមិនទាន់បំភ្លេចការឈឺនេះបានឡើយ។ លោកថា ការប្រកួតនាពេលនោះមានការប៉ះទង្គិចគ្នាច្រើន ហើយសង្ឃឹមថា នឹងគ្មានរឿងបែបនេះកើតឡើងទៀតទ ហើយក្រុមទាំងពីរនឹងព្យាយាមធ្វើឲ្យអ្នកទស្សនាពីគេហដ្ឋានបានរីករាយ។

គួររំឭកថា ព្រះខ័នរាជស្វាយរៀង បានស្គាល់ពាក្យបរាជ័យនៅ Metfone Cambodian League រដូវកាលមុន ក្រោមថ្វីជើងណាហ្គាវើលដ៍ មួយសប្ដាហ៍ក្រោយប្រារព្ធពិធីអបអរជើងឯកនៅស្វាយរៀង។

ដោយឡែកនៅរដូវកាល២០២០នេះ ព្រះខ័នរាជស្វាយរៀងដែលឈរនៅកំពូលតារាង និងក្រុមលេខ៣ណាហ្គាវើលដ៍ មិនទាន់បរាជ័យដូចគ្នាពីការប្រកួត៩លើក។
គួរដឹងដែរថា ក្នុងការប្រកួតកន្លងទៅ Yuta Naruse រកបាន៥គ្រាប់ ខណៈមិត្តរួមក្រុម Marcio Marques មាន៨គ្រាប់សម្រាប់ណាហ្គាវើលដ៍។ 

ចំណែកព្រះខ័នរាជស្វាយរៀងមានកីឡាករដល់ទៅពីររូបនៅកំពូលតារាង Top Scorers គឺ Araujo Pinheiro Pedro Augusto និង Jean Marie Privat Befolo Mbarga ដែលមាន១២គ្រាប់ដូចគ្នា៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania