ថន សីហា “៖វិសាខារដូវកាលនេះល្អជាងឆ្នាំមុន”

07 Aug 2020 17:05

593

Share :


មុនប៉ះគ្នាក្នុងការប្រកួត Metfone Cambodian League  នៅថ្ងៃសៅរ៍ ទី០៨ ខែសីហា នេះ ខ្សែការពារអង្គរថាយហ្គឺរ ថន សីហា យល់ឃើញថា សមត្ថភាពរបស់វិសាខានៅរដូវកាល២០២០ពិតជាល្អជាងឆ្នាំទៅមិញ ដោយសារការនាំចូលកីឡាករបរទេសល្អៗ បូករួមទាំងកូនក្រុមក្នុងស្រុកដែលសុទ្ធតែជាជម្រើសជាតិថែមទៀត។

យ៉ាងណា សមាជិកក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបខាងលើអះអាងថា នឹងព្យាយាមធ្វើឲ្យបានលទ្ធផលវិជ្ជមានក្នុងផ្ទះរបស់វិសាខា ខណៈគ្រូបង្គោល Oriol Mohedano រៀបចំក្រុមបានល្អ សម្រាប់ការប្រកួតដ៏សំខាន់នេះ។

ថន សីហា លម្អិតបែបនេះ “៖ខ្ញុំគិតថា ឆ្នាំនេះវិសាខាខ្លាំងជាងឆ្នាំមុន ព្រោះបាននាំចូលកីឡាករបរទេសល្អៗ ហើយកីឡាករខ្មែររបស់គេសុទ្ធតែជាប់ជម្រើសជាតិ អ៊ីចឹងល្អជាងឆ្នាំមុន។ វិសាខាក៏ជាក្លិបដែលប្រកួតប្រជែងយកពានទៀត។ ពួកយើងនឹងប្រែងធ្វើឲ្យបានល្អក្នុងដីវិសាខា ព្រោះអាទិត្យនេះ គ្រូរៀបចំក្រុមបានល្អមែនទែន។”

ពាក់ព័ន្ធទៅនឹងការប្រកួតជាមួយវិសាខានេះដែរ ម្ចាស់អាវលេខ៧ដដែលយល់ថា ពិតជាសំខាន់សម្រាប់អង្គរថាយហ្គឺរដើម្បីប្រជែងកៅអីក្រុមកំពូលតារាងទាំង៦។
សីហា បន្ថែម “៖វាសំខាន់សម្រាប់យើងដើម្បីប្រជែងកៅអី Top 6។ ពីរប្រកួតទៀតយើងប៉ះណាហ្គា ប៉ះប៉ូលិសទៀត អ៊ីចឹងយើងពិតជាត្រូវការពិន្ទុយ៉ាងចាំបាច់ណាស់។”

គួររំឭកថា ក្រុមទាំងពីរឈ្នះគ្នាលើដីខ្លួនឯងរៀងៗខ្លួននៅ Metfone Cambodian League ២០១៩ ពោលអង្គរថាយហ្គឺរ ឈ្នះ២ទល់នឹង១នៅសៀមរាប ហើយវិសាខា ឈ្នះ២ទល់នឹង១វិញនៅ Prince Stadium។

ដោយឡែក វិសាខា លេងបាន១០ប្រកួតហើយ ដោយឈ្នះ០៦ ស្មើ០១ និងចាញ់០៣ មាន១៩ពិន្ទុ ស្ថិតនៅលេខ៤។ ចំណែកអង្គរថាយហ្គឺរ តិចជាងមួយប្រកួត និងកំពុងឈរនៅលេខ៧ មាន១៥ពិន្ទុ ពីជ័យជម្នះ០៤ដង ស្មើ០៣ និងចាញ់០២៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania