តើ ណាហ្គាវើលដ៍ អាចទទួលពិន្ទុពី ព្រះខ័នរាជស្វាយរៀង បានទេល្ងាចនេះ?

08 Aug 2020 11:19

1162

Share :


ណាហ្គាវើលដ៍ដែលជាជើងឯកឆ្នាំ២០១៨ ក្រោមការដឹកនាំរបស់លោក មាស ចាន់ណា នឹងជួបក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង នៅវេលាម៉ោង ៦:០០ ល្ងាចថ្ងៃសៅរ៍ ទី ៨ សីហា នេះ នាកីឡដ្ឋានស្តាតចាស់។ ណាហ្គាវើលដ៍ស្ថិតនៅចំណាត់ថ្នាក់លេខ ៣ មាន ២១ ពិន្ទុ ចាញ់ក្រុមកំពូលតារា ស្វាយរៀង ចំនួន ៤ ពិន្ទុ។  ក្រុមទាំងពីរសុទ្ធតែមិនដែលចាញ់ដូចគ្នាក្នុង ៩ លើកកន្លងទៅ។

តើក្រុមណាទទួលបរាជ័យលើកដំបូងនាល្ងាចនេះ? 

តាក់ទិករបស់លោក មាស ចាន់ណា ក៏ខ្លាំង ខណៈការរៀបចំកីឡាកររបស់ លោក Conor Nestor ក៏មិនធម្មតាក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។ ប៉ុន្តែ និយាយអំពីកំណត់ត្រាប្រកួតវិញ ព្រះខ័នរាជស្វាយរៀង មិនដែលឈ្នះ ណាហ្គាវើដ៍ សូម្បីម្ដងក្នុងពីររដូវកាលចុងក្រោយ។ 
កីឡាករសំខាន់៖

Marcio De Oliveira ៖ គេតារាជើងស៊ុតប្រចាំក្រុមលោក មាស ចាន់ណា រដូវកាលនេះពោលរកបាន ៨គ្រាប់ហើយក្នុងនោះធ្វើបានហែទ្រីកម្ដងទល់នឹង អាស៊ីអឺរ៉ុបយូណាយធីត។ មិនត្រឹមតែអាចរកគ្រាប់បាល់ Marcio អាចទាញកម្លាំង ,ញាក់, និង បញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបានយ៉ាងងាយៗ ផ្គួបផ្សំនឹងល្បឿនលឿនផង។ Marcio បញ្ជូនបាល់ឲ្យដៃគូស៊ុតប្រមាណ ៦ លើក (Assists) ហើយគិតត្រឹមការលេង ៩ លើករបស់ណាហ្គា។ 

Privat ៖ គេនៅតែជាកីឡាករសំខាន់បំផុតមិនអាចខ្វះបាន។ Privat រកបាន ១២ គ្រាប់ស្មើនឹងមិត្តរួមក្រុម Pedro ហើយរកបានហែទ្រីកចំនួនពីរដង។ ប៉ុន្តែ ខ្សែប្រយុទ្ធកាមេរ៉ូនរូបនេះជាអ្នកនាំលេងនៅស្លាប-ឆ្វេងស្ដាំដ៏មានប្រសិទ្ធភាព។ លើសពីនេះទៅទៀត ខ្សែប្រយុទ្ធរូបនេះបញ្ជូនបាល់ឲ្យដៃគូស៊ុតប្រមាណ ៥ លើកមកហើយ តាមពីក្រោយដោយ Daisuke បញ្ជូនឲ្យមិត្តរួមក្រុមស៊ុតប្រមាណ៣លើក។ មិនថាប្រយុទ្ធចំ ឬ ប្រយុទ្ធស្លាបទេ ប៉ុន្តែ Privat  អាចរ៉ាប់រងបានមួយចប់។  
ជម្រើស១១នាក់ដែលគ្រូបង្វឹកចូលចិត្តប្រើរបស់ក្រុមទាំងពីរ៖ 

ណាហ្គាវើលដ៍៖

លោក មាស ចាន់ណា មានជម្រើសសម្បូរបែបក្នុងនោះ ឡេង មករា , វ៉ា ខ្វិនទីន និង Yuta សុទ្ធតែអាចលេងក្នុងតំណែងស្លាបស្ដាំ។ ប៉ុន្តែជំនួបនេះបែបលោកប្រើ Yuta ឲ្យលេងជម្រើសដំបូងសិន។  លោកអាចប្រើ ១១នាក់ដូចខាងក្រោមដែលប្រើទម្រង់ ៤-៤-២៖ 

អ្នកចាំទី៖ ស៊ូ យ៉ាទី, 

ខ្សែការពារ ៤ ៖ ស៊ុន សុវណ្ណារិទ្ធិ, រៀម សឹង, Naoto, ឃីម បូរី, 

ខ្សែបម្រើ ៣៖ គួច សុកុម្ភៈ, គួច ដានី, សុះ ស៊ូហាណា,Yuta, 

ខ្សែប្រយុទ្ធ ២ ៖ Marcio, Booysen

ព្រះខ័នរាជស្វាយរៀង

ប្រាក់ មុន្នីឧត្ដម អាចត្រលប់មកវិញហើយព្រោះបានប្ដូរចូលកាលជួបវិសាខា ប៉ុន្តែ លោក Conor Nestor ទំនងមិនដាក់នៅជម្រើសដំបូងនោះទេ។ ចំណែក សួន សុវណ្ណ និង សំអឿន ពិដោរ អាចមានមួយលេងក្នុងជម្រើសដំបូង។ 

ជម្រើស ១១ នាក់ដែលលោកចូលចិត្តប្រើកន្លងក្នុងទម្រង់ ៤-៤-២៖ 

អ្នកចាំទី អាំ សុវណ្ណារ៉ាត់, 

ខ្សែការពារ៤៖ សឿយ វិសាល, Campbell, សារ៉េត គ្រីយ៉ា, សុក សំណាង, 

ខ្សែបម្រើ៤៖ Daisuke, Thiago, សួន សុវណ្ណ, ហូយ ផល្លីន, 

ខ្សែប្រយុទ្ធពីរ ៖ Pedro, Privat  

ជំនួប៤លើកក្នុង២រដូវកាលចុងក្រោយនៅលីគកំពូល៖

ណាហ្គាវើលដ៍ ២-១ ព្រះខ័នរាជស្វាយរៀង  ០១ វិច្ឆិកា ២០១៩ 

ព្រះខ័នរាជស្វាយរៀង ០-០ ណាហ្គាវើលដ៍  ៣០ មិថុនា ឆ្នាំ ២០១៩ 

ណាហ្គាវើលដ៍ ០-០ ព្រះខ័នរាជស្វាយរៀង ០៤ មីនា ២០១៨ 

ព្រះខ័នរាជស្វាយរៀង ០-៤ ណាហ្គាវើលដ៍ ៣០ មិថុនា ២០១៨ 

លទ្ធផល៣លើកចុងក្រោយរបស់ក្រុមទាំងពីរ៖

ក្រុមទាំងពីរសុទ្ធតែឈ្នះ ៣ ដងចុងក្រោយដូចគ្នា ប៉ុន្តែ ណាហ្គាវើដ៍ ជួបគីឡូស្រាលជាងស្វាយរៀងបើប្រៀបធៀបពីរដងចុងក្រោយ។ 

ណាហ្គាវើលដ៍

អគ្គិសនីកម្ពុជា ១-៥ ណាហ្គាវើលដ៍ 

ណាហ្គាវើលដ៍ ៣-០ យុវជនបាទី

អាស៊ីអឺរ៉ុបយូណាយធីត ២-៤ ណាហ្គាវើលដ៍ 

ព្រះខ័នរាជស្វាយរៀង 

ព្រះខ័នរាជស្វាយរៀង ៧-២ អាស៊ីអឺរ៉ុបយូណាយធី

ព្រះខ័នរាជស្វាយរៀង ២-០ អង្គរថាយហ្គឺរ

ព្រះខ័នរាជស្វាយរៀង ៣-២ វិសាខា 

តើក្រុមណារងបរាជ័យជម្នះលើកដំបូងក្នុងជំនួបនេះ? 

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania