គ្រូ AEU និងកីឡាករប៉ូលិស មានជំនឿចិត្តខ្ពស់ដូចៗគ្នាក្នុងជំនួបថ្ងៃអាទិត្យនេះ
09 Aug 2020 13:04 158

ទាំងខ្សែប្រយុទ្ធក្លិបនគរបាលជាតិ នួន បូរី និងលោក សុក វាសនា គ្រូបង្គោលក្លិបអាស៊ីអឺរ៉ុបយូណាយធីត បានបង្ហាញជំនឿចិត្តខ្ពស់ដូចៗគ្នាតែម្ដងក្នុងការប្រកួតក្របខណ្ឌ Metfone Cambodian League 2020 នៅថ្ងៃអាទិត្យ ទី០៩ ខែសីហា នេះ។

នួន បូរី សង្កត់ធ្ងន់ថា សមាជិកក្លិបនគរបាលជាតិគ្រប់រូបប្រឹងប្រែងហ្វឹកហាត់ខ្លាំងដើម្បីយក៣ពិន្ទុពីអាស៊ីអឺរ៉ុប។ យ៉ាងណា គេក៏មិនអាចមើលគូប្រជែងមួយនេះបានទេ ទោះធ្វើមិនបានល្អនៅប៉ុន្មានប្រកួតចុងក្រោយក៏ដោយ។

ម្ចាស់ស្បែកជើងមាសពានសម្ដេចតេជោ ហ៊ុន សែន ២០១៨ ពន្យល់ "សមាជិកគ្រប់រូបបានប្រឹងប្រែងខ្លាំងដើម្បី៣ពិន្ទុពីអាស៊ីអឺរ៉ុប តែយើងក៏មិនអាចមើលស្រាលបានទេ ទោះពួកគេចាញ់ច្រើននៅប៉ុន្មានប្រកួតចុងក្រោយ ព្រោះប៉ះសុទ្ធតែក្រុមខ្លាំង។ យើងមានតែពង្រឹងស្មារតី ព្រោះយើងគិតថា មិនអាចមើលស្រាលក្រុមទាំងអស់ក្នុងលីគបានទេ។"

ចំណែកលោក សុក វាសនា គ្រូបង្គោលអាស៊ីអឺរ៉ុបយូណាយធីត រំពឹងថា នឹងអាចធ្វើបានល្អឡើងវិញ ក្រោយកូនក្រុមបរទេសសំខាន់ៗធូរស្បើយពីបញ្ហារបួស និងបានវិលហាត់ជ៉ំគ្នាជាថ្មី។

គ្រូបង្វឹកកាន់ B-License លម្អិត "យើងនឹងប្រឹងប្រែងបាន៣ពិន្ទុថ្ងៃនេះ ព្រោះកីឡាករបរទេសយើងពីរនាក់ និងអ្នកផ្សេងទៀតដែលមានរបួសបានជា និង fit ជិត១០០ភាគរយ ហើយបានវិលមកជ៉ំគ្នាវិញដែរ។ អ្វីដែលយើងពិបាកនោះ គឺត្រៀមពានសម្ដេចបន្តទៀត អ៊ីចឹងយើងត្រូវប្រើកីឡាករច្រើន។ យើងពិបាកសម្រេចថា ប្រើនរណា ទុកនរណា។"

៩ប្រកួតកន្លងមក នគរបាលជាតិមាន៤ពិន្ទុនៅលេខ១១ និងអាស៊ីអឺរ៉ុបយូណាយធីត នៅលេខ៩ មាន៧ពិន្ទុ។
ជំនួបរវាងក្រុមទាំងពីរនឹងធ្វើឡើងនៅម៉ោង៣និង៣០នាទីរសៀលនៅកីឡដ្ឋាន AEU Sports Park៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania