គ្រូសៀមរាប “៖ខ្ញុំមិនចូលចិត្តលេងការពារទេ គឺត្រូវតែប្រយុទ្ធ”

10 Aug 2020 08:58

928

Share :


ការនិយមលេងប្រយុទ្ធ (Attacking Football) មិនថា ប៉ះក្រុមខ្លាំង ឬខ្សោយ គឺជាយុទ្ធសាស្ត្រផ្ទាល់ខ្លួនមួយរបស់លោក លី ធារ៉ា ក្នុងនាមជាគ្រូបង្វឹកបាល់ទាត់ ព្រោះលោកគិតថា ការលេងការពារច្រើនពេក (Bus Parking) អាចនឹងងាយឲ្យគូប្រកួតឆក់ឱកាសបំប៉ោងសំណាញ់ទីច្រើនជាង។ 

យ៉ាងណា គ្រូបង្គោលក្រុមជម្រើសខេត្តសៀមរាបទទួលស្គាល់ការផ្ដោតប្រយុទ្ធច្រើន ក៏អាស្រ័យលើគុណភាពកីឡាករ និងការហ្វឹកហាត់ ដោយត្រូវការសម្រួចការវាយបកលឿនៗ។ ប្រសិនបើកត្តាទាំងពីរមិនគ្រប់គ្រាន់ទេ នោះយុទ្ធសាស្ត្រប្រយុទ្ធក៏ពិបាកផ្ដល់ផ្លែផ្កាដែរ។ 

លោក លី ធារ៉ា ពន្យល់បែបនេះ “៖ខ្ញុំមិនចូលចិត្តលេងការពារទេ គឺត្រូវតែប្រយុទ្ធ។ គ្រប់ពេល គឺយើងត្រូវប្រយុទ្ធ។ ទោះយើងប្រឹងការពារប៉ុនណាក៏ដោយ បើមានឱកាសយើងត្រូវតែវាយបក។ យើងមិនអាចលេងទប់គេរហូតទេ បើយើងចាំតែទប់ យើងអាចគ្រោះថ្នាក់ច្រើនជាងលេងប្រយុទ្ធ។ នេះជាការយល់ឃើញរបស់ខ្ញុំ។ ប៉ុន្តែការលេងប្រយុទ្ធនេះក៏អាស្រ័យទៅលើគុណភាពកីឡាករ និងការហ្វឹកហាត់ដែរ។ បើកីឡាករយើងធ្វើអាហ្នឹងអត់បាន ក៏វាពិបាកដែរ។ អ៊ីចឹងអាស្រ័យលើការហ្វឹកហាត់សំខាន់ណាស់។ គ្រប់ពេលយើងត្រូវហាត់ការវាយបកលឿនៗហ្នឹងឲ្យបាន។ បើយើងអត់ព្យាយាមហាត់អាហ្នឹងរាល់ថ្ងៃទេ នៅពេលយើងលេង បានបាល់បាញ់ទៅលើៗ បើយើងអត់ហាត់ ទៅមិនរួចទេ ព្រោះត្រូវប្រើកម្លាំងខ្លាំង។”

គួរដឹងដែរថា លោក លី ធារ៉ា ដែលមានស្រុកកំណើតនៅខេត្តតាកែវបានចាប់ផ្ដើមការងារបាល់ទាត់នៅខេត្តសៀមរាបក្នុងឆ្នាំ២០១១ ដោយចេញពីការដឹកនាំក្រុមនារីនៅវិទ្យាល័យហ៊ុនសែនរលួស មុនចូលរួមក្រុមជម្រើសខេត្តផ្នែកបុរសនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ 

គ្រូបង្វឹកកាន់ C-License ដែលចូលចិត្តការដឹកនាំរបស់លោក មាស ចាន់ណា និងលោក Zinedine Zidane ដដែល បានរួមចំណែកនាំក្រុមសៀមរាបទទួលបានចំណាត់ថ្នាក់លេខពីរពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ២០១៩ និងលេខ៤ ឆ្នាំ២០២០។ នៅវគ្គ១៦ក្រុម ថ្នាក់ជាតិ សៀមរាបត្រូវប៉ះជាមួយក្លិបបឹងកេត៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania