មួន ណារ៉ា “៖កីឡាករក្មេងៗអគ្គិសនីឆ្នាំនេះហ៊ានលេងជាងមុន”

11 Aug 2020 15:44

1168

Share :


ខ្សែប្រយុទ្ធក្លិបអគ្គិសនីកម្ពុជា មួន ណារ៉ា មើលឃើញថា ការលេងរបស់កីឡាករក្មេងៗក្នុងក្លិបហាក់កាន់តែកើនសមត្ថភាពជាងឆ្នាំកន្លងទៅ ព្រោះហ៊ានលេងសំរុកទៅមុខ និងតតាំងអ្នកមានកាយសម្បទាល្អប្រសើរជាង។ គេយល់ថា ទាំងនេះបានមកពីការខិតខំប្រឹងប្រែងហ្វឹកហាត់ និងបទពិសោធពីមួយឆ្នាំទៅមួយឆ្នាំ។

កីឡាករសម្បូរបទពិសោធខាងលើពន្យល់ “៖ពួកគាត់មានទំនុកចិត្ត ហ៊ានលេងមួយស្មើ ហ៊ានបណ្ដើរចូលក្នុង និងព្យាយាមបង្កើតឱកាស និងគ្រោះថ្នាក់ដល់គូប្រកួត។ ខ្ញុំមើលឃើញថាប្អូនៗ មួយរយៈនេះពួកគាត់ប្រឹងប្រែងហាត់ យកចិត្តទុកដាក់ក្នុងពេលហាត់ និងការប្រកួតលីគកំពូល ព្រោះពួកគាត់ចង់ខ្លាំងនៅពានរង្វាន់សម្ដេច ហ៊ុនសែន ខាងមុខនេះ។ មួយទៀតថ្នាក់ដឹកនាំអគ្គិសនីបានលើកទឹកចិត្តពួកគាត់រហូត។ ពួកគាត់យល់ចិត្តគ្នាបានច្រើនប្រៀបដូចគ្រួសារតែមួយ។”

ទាក់ទងទៅនឹងចំណុចខ្វះខាតវិញ មួន ណារ៉ា នៅតែមើលឃើញពាក់ព័ន្ធកាយសម្បទាដែលមិនទាន់អាចប្រជែងបានល្អជាមួយអ្នកមានមាឌធំ និងបរទេស។ ដោយឡែក គេក៏បានចែករំលែកបទពិសោធដល់សិស្សប្អូនទាំងអស់ពេលហ្វឹកហាត់ និងការប្រកួតជាដើម។ 

អតីតកីឡាករអាស៊ីអឺរ៉ុបយូណាយធីត និងព្រះខ័នរាជស្វាយរៀងបន្ថែម “៖ចំណុចខ្វះខាត ពួកគាត់ជាយុវជនច្រើន កាយសម្បទានៅខ្សោយ ពិបាកប្រកួតប្រជែងជាមួយកីឡាករមានធំ ឬកីឡាបរទេស។ ពេលហាត់ពេលប្រកួត ពួកគាត់ស្ដាប់តាមខ្ញុំ ពេលដែលខ្ញុំនិយាយទៅពួកគាត់ធ្វើតាមខ្ញុំ។ គាត់ចូលចិត្តខ្ញុំ ស្រលាញ់ខ្ញុំដូចបងប្រុសគាត់អ៊ីចឹង។”

គួរដឹងដែរថា ក្រោយសូលទីឡូអង្គរ២ទល់នឹង៣ កាលថ្ងៃអាទិត្យ ទី០៩ ខែសីហា នៅកីឡដ្ឋាន SRU អគ្គិសនីកម្ពុជា បានរំកិលឡើងទៅកាន់ចំណាត់ថ្នាក់លេខ៨ក្នុងតារាងពិន្ទុសរុបនៃក្របខណ្ឌ Metfone Cambodian League ដោយរកបាន៨ពិន្ទុពីការប្រកួត១០លើក៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania