ជំនួបរវាងត្បូងឃ្មុំ និងវិសាខាក្នុងពានសម្ដេចតេជោថ្នាក់ជាតិត្រូវលើកពេល

12 Aug 2020 14:16

1699

Share :


គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) សូមជម្រាបជូនថា ការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ រវាងក្រុមជម្រើសខេត្តត្បូងឃ្មុំ និងក្លិបវិសាខា ដែលគ្រោងរៀបចំឡើងនៅទីលានវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែន មេមត់ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ត្រូវបានលើកពេល។

ការផ្លាស់ប្ដូរកាលបរិច្ឆេទនេះដោយសារទីលានវិទ្យាល័យមេមត់ថ្មីៗនេះ មានស្ថានភាពគុណភាពមិនល្អដូចជា ផ្ទៃមិនរាបស្មើ ខ្វះស្មៅ និងខូង មិនគ្រប់លក្ខខណ្ឌបច្ចេកទេស  ដែលក្រុមការងារជំនាញបច្ចេកទេសបានចុះពិនិត្យផ្ទាល់ឃើញថា អាចបង្ករគ្រោះថ្នាក់ដល់កីឡាកររបស់ក្រុមទាំងសងខាង។ 

ចំពោះកាលវិភាគថ្មីសម្រាប់ជើងទីមួយ វគ្គ១៦ក្រុម រវាងត្បូងឃ្មុំ និងវិសាខា នឹងបញ្ជាក់ជូននាពេលក្រោយទៀត។ ចំណែកការប្រកួតជើងទីពីរនៅ Prince Stadium នៅថ្ងៃទី១៩ ខែសីហា ត្រូវបានរក្សាទុកដដែល។ ដោយឡែកសម្រាប់ការប្រកួតចំនួន៧គូផ្សេងទៀតនឹងប្រព្រឹត្តទៅជាធម្មតាតាមពេលវេលា និងទីតាំងដូចដែលត្រូវបានរៀបចំក្នុងពិធីចាប់គូកន្លងទៅ។ 

គួរបញ្ជាក់ថា ការប្រកួតជើងទីមួយ វគ្គ១៦ក្រុម ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ២០២០ នឹងចាប់ផ្ដើមពីថ្ងៃពុធ ទី១២ និងថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ហើយបន្តរហូតដល់វគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី២៧ ខែវិច្ឆិកា។

មុនឡើងមកកាន់វគ្គ១៦ក្រុមថ្នាក់ជាតិនេះ ក្រុមជម្រើសខេត្តត្បូងឃ្មុំ ទទួលបានចំណាត់ថ្នាក់លេខពីរ ពីការប្រកួតដំណាក់កាលថ្នាក់ខេត្ត៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania