ក្រោយនាំចូលកីឡាករ៣រូប គិរីវង់នៅត្រូវការកម្លាំងថ្មីៗថែមទៀតដើម្បីពង្រឹងក្រុម

13 Aug 2020 19:14

2457

Share :


បន្ទាប់ពីប្រកាសការផ្ទេរសមាជិកថ្មី៣រូប គឺអ្នកចាំទី ឈិន ឆៃនុត, ខ្សែការពារ ប្រាក់ សុវណ្ណពិសិដ្ឋ និងខ្សែប្រយុទ្ធ សេង សារ៉ាវុធ កាលថ្ងៃពុធ ទី១២ ខែសីហា លោក ឌុក វាសនា អ្នកចាត់ការក្លិបគិរីវង់សុខសែនជ័យ បង្ហើបថា នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ពោលគឺកំពុងសម្លឹងកម្លាំងបន្ថែមដើម្បីពង្រឹងក្រុមក្នុងជុំទីពីរក្របខណ្ឌ Metfone Cambodian League និងពានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ២០២០។

លោក ឌុក វាសនា បញ្ជាក់បែបនេះ “៖យើងនៅតែសម្លឹងមើលកីឡាករបន្ថែមទៀតដែរសម្រាប់កីឡាករខ្មែរ និងកីឡាករបរទេសដើម្បីកែទម្រង់លេងរបស់យើង ជាពិសេសនៅតំបន់ប្រយុទ្ធ។ សម្រាប់កីឡាករ៣រូបដែលបានផ្ទេរថ្មីៗនេះ មានកិច្ចសន្យាដល់ចប់រដូវកាល២០២០នៅ Metfone Cambodian League ក៏ដូចជានៅពានសម្ដេចតេជោ ហ៊ុន សែន។”

គួរដឹងដែរថា អ្នកចាំទី ឈិន ឆៃនុត និងខ្សែប្រយុទ្ធ សេង សារ៉ាវុធ បានចំណាយពេលជើងទីមួយរដូវកាល២០២០ នៅសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ ខណៈខ្សែការពារ ប្រាក់ សុវណ្ណពិសិដ្ឋ ចូលរួមជាមួយគិរីវង់សុខសែនជ័យ ក្រោយចប់កិច្ចសន្យានៅសូលទីឡូអង្គរ។ 

បើនិយាយពីកីឡាករបរទេសវិញ ក្រុមមានមូលដ្ឋាននៅខេត្តតាកែវ មានតែ៤នាក់ប៉ុណ្ណោះ ខ្សែការពារប្រេស៊ីល Victor Cabral, ខ្សែបម្រើប្រេស៊ីល Jose Magson, ខ្សែបម្រើថៃ Santirad Weing-in និងខ្សែប្រយុទ្ធហ្គីណេ Barry Lelouma។ 

គិតត្រឹម១០ប្រកួតនៅ MCL គិរីវង់សុខសែនជ័យ ឈរនៅលេខ១០ មាន៧ពិន្ទុ។ ចំណែកនៅពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ ពួកគេបានបញ្ចប់ជើងទីមួយ ដោយស្មើ០ទល់នឹង០ជាមួយនគរបាលជាតិ កាលថ្ងៃពុធ ទី១២ សីហា នៅខេត្តតាកែវ៕

អត្ថបទ៖ CNCC 
ប្រភពរូប៖ គិរីវង់សុខសែនជ័យ Kirivong Sok Sen Chey F.C.

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania