លោក Conor ពេញចិត្តការលេងរបស់កូនក្រុម ទោះនាំមុខសូលទីឡូត្រឹម ១-០

15 Aug 2020 10:15

833

Share :


ទោះនាំមុខសូលទីឡូអង្គរត្រឹម១ទល់នឹង០ ក្នុងការប្រកួតជើងទីមួយ វគ្គ១៦ក្រុមចុងក្រោយពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ កាលថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា លោក Conor Nestor គ្រូបង្គោលព្រះខ័នរាជស្វាយរៀង នៅតែរីករាយចំពោះការលេងរបស់កូនក្រុម ជាពិសេសកីឡាករដែលមិនសូវបានបង្ហាញក្នុងក្របខណ្ឌ Metfone Cambodian League កន្លងមក។

គ្រូបង្វឹកជនជាតិអៀរឡង់សង្កត់ធ្ងន់ថា មានឱកាសច្រើនលើកច្រើនសាដែរ តែមិនអាចសម្រេចបំណង។ ជាមួយគ្នានេះលោកក៏បានសរសើរសូលទីឡូអង្គរដែលដាក់ក្មេងៗចូលលេងច្រើន និងអាចធ្វើបានល្អថែមទៀត។

លោក Conor ថ្លែងប្រាប់ CNCC បែបនេះ “៖យើងបានបង្កើតឱកាសល្អប្រហែល៥-៦ដងដែរ តែពេលខ្លះបាល់ទាត់ គឺបែបនេះ។ យើងធ្វើបានល្អចាប់តាំងពីក្រោយសម្រាកលីគ។ ខ្ញុំពិតជារីករាយណាស់ជាមួយនឹងការលេងពីកូនក្រុម ជាពិសេសពីអ្នកត្រូវការពេលវេលាបង្ហាញខ្លួន។ ខ្ញុំគិតថា សូលទីឡូលេងបានល្អណាស់។ ដោយប្រើកីឡាករវ័យក្មេងជាច្រើន ពួកគេបញ្ជូនបាល់បានល្អ ហើយការពារបានល្អ។ កត្តាខកចិត្តតែមួយគត់ គឺការខកខានឱកាសយ៉ាងច្រើននេះឯង ប៉ុន្តែខ្ញុំសង្ឃឹមថានឹងត្រូវកាត់បន្ថយវាកាន់តែតិចតួចជាងនេះ។”

គ្រូបង្វឹកកាន់ UEFA A-License បន្ថែមបែបនេះ “៖អ្នកខ្លះគិតថាយើងមានសំណាងល្អ ពីព្រោះយើងបានស៊ុតបាល់បញ្ចូលទីនៅចុងម៉ោង ប៉ុន្តែអ្នកដែលបានមើលការប្រកួត នឹងឃើញថាយើងពិតជាមិនសំណាងទេដែលរបូតឱកាសយ៉ាងច្រើនបែបនេះ។”

គួរដឹងដែរថា កីឡាករវ័យក្មេង ប្រាក់ មុន្និវីរៈ ជាអ្នករកគ្រាប់បាល់បញ្ចូលទីនៅនាទី៩០+៤សម្រាប់ក្រុមម្ចាស់ផ្ទះមានកីឡដ្ឋាននៅស្វាយរៀង។ ជើងទីពីរនឹងប្រព្រឹត្តទៅនៅកីឡដ្ឋាន SRU ខេត្តសៀមរាប ថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania