យុវជនទ័ព ជា ណាវីន បង្ហើបអតីតកាលស្ទើរតែបោះបង់បាល់ទាត់

15 Aug 2020 13:09

1875

Share :


មុនទទួលបានការចាប់អារម្មណ៍តាមរយៈគ្រាប់បាល់បញ្ចូលទី៣គ្រាប់ក្នុងសំណាញ់កែប ជើងទីមួយ វគ្គ១៦ក្រុម ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលថ្ងៃពុធ ទី១២ ខែសីហា ខ្សែប្រយុទ្ធវ័យក្មេង ជា ណាវីន របស់សមាគមកងយោធពលខេមរភូមិន្ទ បានឆ្លងកាត់រឿងរ៉ាវមិនអាចបំភ្លេចបានមួយចំនួនពីអតីតកាលដែលស្ទើរតែធ្វើឲ្យរូបគេបោះបង់ក្ដីស្រមៃក្នុងវិស័យកីឡាបាល់ទាត់ទៅហើយ។

ឈានជើងចូលហ្វឹកហាត់នៅក្រុមថ្នាលអាយុក្រោម១៦ឆ្នាំកងយោពធពលខេមរភូមិន្ទឆ្នាំ២០១៧ ដោយចាកចេញពីស្រុកកំណើតឯខេត្តកំពង់ចាម យុវជនវ័យ១៩ឆ្នាំពុំទាន់មានកន្លែងស្នាក់នៅទេនាពេលនោះ ដោយផ្ញើខ្លួននឹងបងប្រុសជាអ្នកស្គាល់គ្នា និងអាស្រ័យប្រាក់ពីការផ្ញើដោយឪពុកម្ដាយពីផ្ទះ។ 

ក្រោយមក ដោយសារការផ្លាស់ប្ដូរពីកន្លែងមួយទៅកន្លែងមួយ ធ្វើឲ្យកីឡាករវ័យក្មេងរូបនេះមានការលំបាកពាក់ព័ន្ធការស្នាក់នៅ គួបផ្សំកង្វះថវិកាផងនោះ គេក៏សម្រេចចិត្តវិលទៅស្រុកកំណើតមួយរយៈ។

ណាវីន រំឭករឿងរ៉ាវពេលមកហ្វឹកហាត់នៅភ្នំពេញដំបូងបែបនេះ “៖ខ្ញុំមកហាត់ដំបូងនៅទ័ពក្រុម U16 ឆ្នាំ២០១៧។ កាលមកដំបូង អត់ទាន់មានកន្លែងនៅទេ សុំផ្ទះគេនៅ ព្រោះគ្រូអត់ទាន់នៅស្តាតភ្លាមទេ។ កាលហ្នុងសុំផ្ទះបងនៅស្រុកជាមួយគ្នានៅ គាត់ជួលគេ។ ពេលខ្លះដាច់បាយដែរ។ ដល់ក្រោយមកគាត់ថា គាត់រើផ្ទះ អ៊ីចឹងពិបាក ខ្ញុំក៏សម្រេចចិត្តទៅផ្ទះវិញ ពេលណាត្រូវប្រកួត ខ្ញុំជិះឡានពីស្រុកមក។ សោហ៊ុយឡានបានគ្រូចេញឲ្យ។ ពេលខ្លះចង់បោះបង់ដែរ តែដោយសារចិត្តស្រលាញ់ ខ្ញុំចេះតែប្រាប់ខ្លួនឯងតស៊ូ រហូតបានក្លិបផ្ដល់កន្លែងស្នាក់នៅ និងបានជាប់ក្រុមធំនៅឆ្នាំ២០២០នេះ។ ខ្ញុំសប្បាយចិត្តដែលបានបង្ហាញខ្លួនក្នុងពានសម្ដេច ហើយនឹកស្មានមិនដល់ថា អាចទាត់ចូលដល់ទៅ៣គ្រាប់បែបនេះដែរ។”

មានកំណើតក្នុងគ្រួសារដែលមានឪពុកជាកសិករ និងម្ដាយធ្វើការរោងចក្រ ជា ណាវីន មានបងប្អូនបង្កើត៤នាក់ តែបានចែកឋានម្នាក់ទៅហើយ។ ដោយសារតែជីវភាពលំបាក គេសម្រេចចិត្តបោះបង់ការសិក្សាត្រឹមថ្នាក់ទី៩ និងចូលផ្សងព្រេងក្នុងបាល់ទាត់ភ្ជាប់ក្ដីស្រមៃជាកីឡាករដ៏ល្អមួយរូបនាពេលអនាគត៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania