គង់ រ៉ាហ្វាត ថា នៅបន្តពាក់ឧបករណ៍ការពារក្បាលមួយរយៈធំទៀត

16 Aug 2020 09:22

845

Share :


អ្នកចាំទី គង់ រ៉ាហ្វាត របស់ក្លិបគិរីវង់សុខសែនជ័យ ឲ្យដឹងថា នៅមិនទាន់ច្បាស់ថ្ងៃណាត្រូវឈប់ពាក់ឧបករណ៍ការពារក្បាលទេ តែជាមួយគ្នានេះនៅពេលគេប្រើវា បានបង្កលក្ខណៈងាយស្រួលយ៉ាងច្រើនទាំងពេលហ្វឹកហាត់ និងពេលប្រកួតជាផ្លូវការ។ 

អតីតសមាជិកយុវជនបាទីលម្អិតបែបនេះ “៖ខ្ញុំអត់ទាន់ច្បាស់ទេបង ព្រោះនៅពេលដែលខ្ញុំពាក់វា គឺងាយស្រួលក្នុងការហ្វឹកហាត់ និងការប្រកួត។ ខ្ញុំមានទំនុកចិត្តពេលចេញទៅសង្គ្រោះបាល់ដោយមិនសូវបារម្ភ និងមិនខ្លាច។ សម្រាប់ខ្លួនខ្ញុំ គឺនៅមានបញ្ហាជាប់ក និងនៅឈឺចង្កា។”

គួរដឹងដែរថា អ្នកចាំទី គង់ រ៉ាហ្វាត បានរងរបួសរហូតសន្លប់ធំក្រោយប៉ះទង្គិចគ្នាដោយយថាហេតុជាមួយខ្សែការពារសមាគមបាល់ទាត់កងយោធពខេមរភូមិន្ទ ខែក ខេមរិន្ទ ពេលលោតទះបាល់ជ្រុងនៅនាទី៥៣ ក្នុងជំនួប Metfone Cambodian League កាលថ្ងៃសៅរ៍ ទី០១ ខែសីហា ហើយក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

កីឡាករវ័យ២០ឆ្នាំដដែលបញ្ជាក់ថា នេះជាលើកទីមួយហើយដែលរូបគេជួបបញ្ហារបួសខ្លាំងក្លាបែបនេះចាប់តាំងពីឈានជើងចូលបាល់ទាត់មក។ គេថា ប្រសិនបើមានករណីឈឺក្បាលកើតឡើងទៀត វេជ្ជបណ្ឌិតតម្រូវឲ្យទៅពិនិត្យនៅមន្ទីរពេទ្យសាជាថ្មី។

គង់ រ៉ាហ្វាត ដែលធ្លាប់លេងឲ្យអគ្គិសនីកម្ពុជា និងសូលទីឡូអង្គរ បានចូលរួមជាមួយគិរីវង់សុខសែនជ័យ នៅដើមរដូវកាល២០២០ និងមិនសូវបាត់មុខពីជម្រើស១១នាក់ដំបូងរបស់ក្រុមមានមូលដ្ឋាននៅខេត្តតាកែវនេះឡើយ៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania