ប្រធានក្រុម EDC បារម្ភពីស្ថានភាពក្រុមក្រោយរបួសសមាជិកម្នាក់ទៀត

16 Aug 2020 11:27

1471

Share :


ប្រធានក្រុមអគ្គិសនីកម្ពុជា ឈួត សិនទៀង បានបង្ហាញការព្រួយបារម្ភខ្លាំងជុំវិញស្ថានភាពក្រុម បន្ទាប់ពីខ្សែប្រយុទ្ធ ណុប ដេវីត រងរបួសក្នុងការប្រកួតក្របខណ្ឌ Metfone Cambodian League ជាមួយគិរីវង់សុខសែនជ័យ កាលថ្ងៃសៅរ៍ ទី១៥ ខែសីហា ដែលបណ្ដាលឲ្យបាក់ឆ្អឹងដងកាំបិត។

ព្រួយបារម្ភខ្លាំងដោយសារតែមិនមែនមានតែដេវីតម្នាក់ទេត្រូវស្ថិតនៅក្រៅទីលាន ពោលនៅមានសមាជិកផ្សេងទៀតដូចជា ស្រាំង ទិត្យឈី និងផាន់នី អ៊ីរដ្ឋាជាដើមដែលមានបញ្ហារបួស ធ្វើឲ្យប៉ះពាល់ដល់ដល់ក្រុមដែលត្រូវប្រកួត MCL ផង និងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថែមទៀត។

សិនទៀង លើកឡើងបែបនេះ “៖ប៉ះពាល់ខ្លាំងមែនទែនបង ព្រោះយើងប្រើតែកីឡាករខ្មែរ ហើយសុទ្ធតែកីឡាករដែលត្រូវចូលរួមប្រកួតពានសម្ដេចតេជោ ហ៊ុន សែន ផង។ បាក់ដងកាំបិតហ្នឹងបើតាមធម្មតា សម្រាកយូរដែរ ហើយនេះដេវីតត្រូវវះដាក់ដែកទៀត។”

គួរបញ្ជាក់ថា ណុប ដេវីត បានរងរបួសរហូតបាក់ឆ្អឹងដងកាំបិតនេះនៅនាទី៤៩ ក្រោយអូសបាល់បុកគ្នាជាមួយខ្សែបម្រើប្រេស៊ីល Victor Cabral របស់គិរីវង់សុខសែនជ័យ។ នៅព្រឹកថ្ងៃអាទិត្យ ទី១៦ ខែសីហា នេះគេបានទទួលការវះកាត់ដើម្បីដាក់ដែកអបឆ្អឹងដែលបាក់ឲ្យជាប់គ្នាវិញ។ 

គួរដឹងដែរថា អគ្គិសនីកម្ពុជាត្រូវទទួលណាហ្គាវើលដ៍សម្រាប់ជើងទីពីរ វគ្គ១៦ក្រុម ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៩ ខែសីហា។ កាលជើងទីមួយ នៅកីឡដ្ឋានខេមរភូមិន្ទ ណាហ្គាវើលដ៍យកឈ្នះអគ្គិសនីកម្ពុជា ៣ទល់នឹង២៕

អត្ថបទ៖ CNCC 
ប្រភពរូប៖ David Fc

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania