ទូច ណាឃីម ពីកុមារលេងពានអង្គការទៅជាកីឡាករលេចធ្លោម្នាក់នៅនគរបាលជាតិ

17 Aug 2020 14:59

1373

Share :


ទូច ណាឃីម បច្ចុប្បន្នជាខ្សែការពារស្នូលមួយរូបប្រចាំក្លិបបាល់ទាត់នគរបាលជាតិ ដោយមិនសូវបាត់មុខពីជម្រើស១១នាក់ដំបូងឡើយមិនថាក្នុងការប្រកួតក្របខណ្ឌ Metfone Cambodian League និងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ 

សមាជិកក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំខាងលើអះអាងថា ការទទួលបានឱកាសចូលលេងយ៉ាងទៀងទាត់បែបនេះ បានមកពីការខិតខំប្រឹងប្រែងតាំងពីនៅជាកុមារលេងបាល់តាមអង្គការ និងជាជម្រើសវិទ្យាល័យ រហូតឈានចូលជើងលេងលក្ខណៈអាជីព។

ខ្សែការពារឆ្វេងក្លិបប៉ូលិសរំឭកដើមចមប្រលូកបាល់ទាត់បែបនេះ “៖ខ្ញុំធ្លាប់លេងបាល់នៅអង្គការមួយនៅបឹងកក់កាលពីនៅតូច។ កាលហ្នុងមានអង្គការមួយនៅជិតផ្ទះ ហើយមានបាល់អីចឹងចេះតែយកលេងជាមួយគ្នា លេងលើខ្សាច់អ៊ីចឹងទៅជាមួយគ្នា១០នាក់អី។ ដល់ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ គេមានរៀបពាន U12, U13 អ៊ីចឹងទៅបង។ ក្រោយមកក៏បានលេងឲ្យសាលាសន្ធរម៉ុក ហើយគ្រូក៏ហៅទៅហាត់នៅថ្នាលយុវជនព្រះខ័នរាជស្វាយរៀង ដូចខ្ទង់២០១៦អីហ្នឹង។ ដល់ចុង២០១៨ដើម២០១៩ គេដំឡើងខ្ញុំទៅក្រុមធំដែរ តែខ្ញុំសុំគេចេញវិញ ព្រោះគិតថា ពិបាកប្រកួតប្រជែង។ ខ្ញុំក៏ដើរធ្វើតេស្ដតាមក្លិបផ្សេងៗ រហូតបានជាប់នៅប៉ូលិស ហើយប្រឹងប្រែងរហូតបានជាប់ជម្រើសជាតិ U19 ថែមទៀត។ សម្រាប់ខ្ញុំ ផ្លែផ្កានេះបានមកពីការខិតខំប្រឹងប្រែងហ្នឹងឯង ហើយទោះប៉ូលិសលទ្ធផលអត់សូវល្អ ក៏ខ្ញុំអត់បាក់ទឹកចិត្ត នៅតែប្រឹងរហូត។”

មានស្រុកកំណើតនៅខេត្តព្រៃវែង ណាឃីម បានផ្លាស់មករស់នៅរាជធានីភ្នំពេញជាមួយក្រុមគ្រួសារតាំងពីអាយុ៤ឆ្នាំ។ គេថា ការលេងនៅក្រុមធំពីរឆ្នាំមកនេះផ្ដល់បទពិសោធយ៉ាងច្រើន តែក៏ត្រូវព្យាយាមបំពេញបន្ថែមចំណុចខ្វះខាតដើម្បីឈានជើងចូលក្រុមធំជម្រើសជាតិថែមទៀត៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania