ម៉ន កក្កដា ត្រូវបាត់មុខពីទីលានរយៈពេលវែងក្រោយរបួសកជើង

18 Aug 2020 14:06

1125

Share :


របួសបាក់ឆ្អឹងកជើងពីការប្រកួតជើងទីមួយ វគ្គ១៦ក្រុម ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ កាលពីសប្ដាហ៍មុន តទល់ភ្នំពេញក្រោន បណ្ដាលឲ្យខ្សែបម្រើអាស៊ីអឺរ៉ុបយូណាយធីត ម៉ន កក្កដា ស្ថិតនៅក្រៅទីលានពីចន្លោះមួយឆ្នាំទៅមួយឆ្នាំកន្លះ។ 

កីឡាករមានប្រភពពីខេត្តកំពង់ស្ពឺត្រូវបានប្ដូរចេញតាំងពីនាទីទី០៤ ក្រោយស្លាយបាល់ពីជើងខ្សែប្រយុទ្ធភ្នំពេញក្រោន លឹម ពិសុទ្ធ ហើយការពិនិត្យបង្ហាញថា ឆ្អឹងកជើងរបស់គេបានបាក់ និងទទួលការវះកាត់កាលថ្ងៃចន្ទ ទី១៧ សីហា។ កក្កដា អះអាងថា ពិតជាស្ដាយខ្លាំងមិនអាចជួយអាស៊ីអឺរ៉ុបក្នុងការប្រកួតសំខាន់ៗនានា។

អតីតយុវជនព្រះខ័នរាជស្វាយរៀងពន្យល់ “៖បាក់ឆ្អឹងកជើងបង។ ចូលវិញប្រហែលមួយឆ្នាំទៅមួយឆ្នាំកន្លះបង។ ស្លាយទៅបត់កជើង។ ពិបាកខ្លាំងណាស់បង មនុស្សស្រាលាញ់បាល់ទាត់ ហើយអត់បានលេង អត់បានហាត់ បានត្រឹមមើលគេលេង ណាមួយយើងចង់បន្តក្តីស្រមៃតាំងពីក្មេងផង។ ម្យ៉ាងទៀតខ្ញុំក៏ចាត់ទុក AEU ដូចជាគ្រួសាររបស់ខ្ញុំអ៊ីចឹងដែរ។”

ពាក់ព័ន្ធការមកដល់របស់សមាជិកថ្មី Samuel Ajayi Gbenga និង Bisan George កក្កដា បង្ហើបថា លេងជាមួយ អ្នកទាំងពីរពេលហ្វឹកហាត់រួចទៅហើយ តែអ្វីជារឿងដ៏គួរឲ្យស្ដាយនោះ បែរជាមិនធ្វើការរួមគ្នាក្នុងការប្រកួតជាផ្លូវការទៅវិញ ដោយសារបញ្ហារបួសនេះ។

គួរដឹងដែរថា ម៉ន កក្កដា ដែលដុះដាលចេញពីថ្នាលព្រះខ័នរាជស្វាយរៀង បានចូលរួមជាមួយអាស៊ីអឺរ៉ុបយូណាយធីត កាលឆ្នាំ២០១៧៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania