សឿង សុបញ្ញា សម្រេចចិត្តដកខ្លួនពីអាជីពបាល់ទាត់
19 Aug 2020 09:47 1575

អតីតខ្សែបម្រើសូលទីឡូអង្គរ សឿង សុបញ្ញា បង្ហើបថា បានសម្រេចចិត្តដកខ្លួនពីបាល់ទាត់អាជីពហើយដោយចូលធ្វើការនៅក្រុមហ៊ុនឯកជនមួយ និងឆ្លៀតលេងបាល់ទាត់ពាក់កណ្ដាលអាជីពឲ្យស្ថាប័នដដែលនេះវិញ។ 

អតីតកីឡាករធ្លាប់លេងឲ្យក្លិបមួយចំនួននៅ Metfone Cambodian League បានចែកផ្លូវគ្នាជាមួយសូលទីឡូអង្គរជិតកន្លះឆ្នាំហើយ។ ខណៈទីផ្សារដោះដូរកីឡាករជុំទីពីរ រដូវកាល២០២០កំពុងដំណើរការ គេពុំមានគម្រោងចូលរួមជាមួយក្រុមថ្មីណាទៀតទេ ពោលសម្រេចចិត្តព្យួរស្បែកជើងតែម្ដង។

សុបញ្ញា បញ្ជាក់បែបនេះ “៖ជុំទីពីរហ្នឹងខ្ញុំអត់មានគម្រោងទៅណាទេ ព្រោះចូលធ្វើការ ហើយលេងពាក់កណ្ដាលអាជីពនៅក្រុមមួយ ហើយក៏កុងត្រាជាមួយគេរួចរាល់ដែរ។ ទំនងឈប់លេងអាជីពរហូតតែម្ដង ព្រោះមកទីនេះ ថ្នាក់ដឹកនាំផ្ដល់ការងារឲ្យផង និងលេងបាល់ផង អ៊ីចឹងក៏មកទីនេះផ្ដាច់តែម្ដង។ ស្ដាយចេះតែស្ដាយហើយបង តែធ្វើម៉េចនៅទីនេះគិតថា មានលក្ខណៈប្រសើរជាង។”

គួរដឹងដែរថា សឿង សុបញ្ញា ដុះដាលចេញពីថ្នាលព្រះខ័នរាជស្វាយរៀង និងធ្លាប់លេងឲ្យបៀលប្រាយយូណាយធីត, អាស៊ីអឺរ៉ុបយូណាយធីត, បឹងកេត, វេស្ទើនភ្នំពេញ និងចុងក្រោយបង្អស់ គឺសូលទីឡូអង្គរពីចន្លោះរដូវកាល២០១៩ដល់ដើម២០២០។

កាលហ្វឹកហាត់នៅថ្នាលព្រះខ័នរាជស្វាយរៀង អតីតខ្សែបម្រើកណ្ដាលរូបនេះក៏ធ្លាប់ជាប់ជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំទៀតផងអំឡុងឆ្នាំ២០១២៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania