សឿយ វិសាល រំពឹងធ្វើល្អឡើងវិញពីរចំណុចពេលប៉ះសូលទីឡូជើងទីពីរ
20 Aug 2020 10:30 570

កង្វះសំណាងក្នុងការបញ្ចប់ទី និងសហការគ្នាមិនបានល្អឥតខ្ចោះ ត្រូវបានប្រធានក្រុមព្រះខ័នរាជស្វាយរៀង សឿយ វិសាល ចាត់ទុកជាដើមចមឈ្នះសូលទីឡូអង្គរលើដីខ្លួនឯងត្រឹម១ទល់នឹង០ កាលថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ជើងទីមួយ វគ្គ១៦ក្រុមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ២០២០។ ដូច្នេះហើយទើបខ្សែការពាររូបនេះរំពឹងថា សមាជិកគ្រប់រូបនឹងបំពេញចំណុចសំខាន់ទាំងពីរខាងលើឲ្យល្អឡើងវិញនៅជើងទីពីរ។

កីឡាករជម្រើសជាតិកម្ពុជាដដែលពន្យល់ “៖យើងទីពីរយើងសង្ឃឹមថា នឹងអាចធ្វើបានល្អឡើងវិញ ព្រោះជើងទីមួយយើងខ្វះខាតការសហការគ្នាមិនទាន់បានល្អឥតខ្ចោះ។ យើងមានឱកាសច្រើន តែទាត់អត់ចំគោលដៅល្អអ៊ីចឹងណា។ យើងសង្ឃឹមជើងទីពីរនឹងធ្វើបានល្អលើពីរចំណុចនេះ។”

សឿយ វិសាល ទទួលស្គាល់ដែរថា កាលជើងទីមួយសូលទីឡូអង្គរពិតជាលេងបានល្អ ជាពិសេសតំបន់ការពារ។ 
អតីតសមាជិកអាស៊ីអឺរ៉ុបយូណាយធីត “៖ សូលទីឡូគេក៏ល្អៗដែរ ក្មេងៗគេល្អ។ គេការពារមុខទីគេច្រើន អ៊ីចឹងយើងពិបាករកគ្រាប់បាល់ដែរ។”

ក្នុងជើងទីមួយនោះ គ្រាប់ជ័យជម្នះរបស់ព្រះខ័នរាជស្វាយរៀងត្រូវរង់ចាំដល់នាទី៩០+៤ ពេលកីឡាករវ័យក្មេង ប្រាក់ មុន្នីវីរៈ បំប៉ោងសំណាញ់ទីបានសម្រេច។

ជើងទីពីរនឹងធ្វើឡើងនៅកីឡដ្ឋាន SRU ខេត្តសៀមរាប នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា៕

អត្ថបទ៖ CNCC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania