ប្រាក់ មុន្នីវីរៈ បង្ហើបគោលដៅផ្ទាល់ខ្លួននៅព្រះខ័នរាជស្វាយរៀង
21 Aug 2020 08:11 1788

ឱកាសជាប់ក្រុមធំ និងជាកីឡាករសំខាន់ម្នាក់នៅព្រះខ័នរាជស្វាយរៀង គឺជាគោលដៅរបស់ខ្សែប្រយុទ្ធ ប្រាក់ មុន្នីវីរៈ ដែលជាអ្នករកគ្រាប់បាល់នាំមុខ១ទល់នឹង០ ក្នុងសំណាញ់សូលទីឡូអង្គរ កាលជើងទីមួយ វគ្គ១៦ក្រុម ពានរង្វាន់សម្ដេចអគ្គមហាបតីតេជោ ហ៊ុន សែន។ 

ក្រោយក្រាញននៀលហ្វឹកហាត់នៅថ្នាលយុវជនក្រុមជើងឯក Metfone Cambodian League ពីរសម័យបានជាងពីរឆ្នាំមក កីឡាករវ័យក្មេងខាងលើសម្រាប់គោលដៅទីមួយរួចរាល់ហើយដោយទទួលបានកិច្ចសន្យាក្រុមធំនៅឆ្នាំ២០២០នេះ និងបង្ហាញខ្លួនក្នុងពានសម្ដេចតេជោ ហ៊ុន សែន។ វីរៈ ជឿជាក់ថា គ្រូៗ និងរៀមច្បងឯទៀតនៅព្រះខ័នរាជស្វាយរៀង អាចជួយសម្រេចបំណងដែលនៅសេសសល់។ 

ប្រាក់ មុន្នីវីរៈ រៀបរាប់ពីការប្ដេជ្ញាចិត្តរបស់ខ្លួនបែបនេះ “៖ខ្ញុំលេងនៅយុវជនពីរឆ្នាំហើយបង។ ក្រុមធំទើបតែចុះកុងត្រាយកខ្ញុំនៅពេលនេះទេ។ ខ្ញុំលេងពានសម្ដេចបានពីរដងហើយ តែសម្រាប់ឆ្នាំមុនគ្រាន់តែក្រុមធំដាក់យុវជនមកខ្លះទេ។ តែបើកុងត្រាឈុតធំខ្ញុំទើបតែបាននៅឆ្នាំនេះ។ នៅទីនេះមានបងៗ និងមានគ្រូៗមានគុណភាព និងស្តងដាដែលអាចជួយឲ្យខ្ញុំទៅមុខបានលឿន។ ពួកគាត់អាចជួយការហ្វឹកហាត់របស់ខ្ញុំឆាប់ឡើងបានលឿន។ គោលដៅដំបូងរបស់ខ្ញុំ គឺចង់ចូលរួមជាមួយក្រុមធំនេះឯង ហើយទៅថ្ងៃមុខខ្ញុំក៏ចង់ធ្វើជាកីឡារករសំខាន់នៅទីនេះដូចគ្នា។”

មុន្នីវីរៈ បញ្ជាក់ថា អ្វីដែលជួយជំរុញមកដល់កុងត្រាក្នុងក្រុមធំនេះ គឺដោយសារការខិតខំប្រឹងប្រែង ទោះជួបការលំបាកច្រើនទាំងការរស់នៅ និងហ្វឹកហាត់។ ក្នុងក្រុមយុវជនអាយុក្រោម១៨ឆ្នាំ ប្រាក់ មុន្នីវីរៈ ក៏ធ្លាប់រួមចំណែកឈ្នះជើងឯកមួយចំនួនផងដែរ៕

អត្ថបទៈ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania