ណាហ្គាវើលដ៍ដែលជាជើងឯកឆ្នាំ២០១៨ ត្រូវជួបក្រុមខ្លាំងវិសាខានាសប្ដាហ៍ចុងក្រោយនៃជុំទី១នាវេលាម៉ោង៦:០០ ល្ងាចថ្ងៃសៅរ៍ ទី ២២ សីហា ស្អែកនេះនៅស្តាតចាស់។ ណាហ្គាវើលដ៍ស្ថិតនៅចំណាត់ថ្នាក់លេខ ៥បណ្ដោះអាសន្ន មាន២១ ពិន្ទុ ចាញ់ក្រុមចំណាត់ថ្នាក់លេខ៣ វិសាខាត្រឹម ១ ពិន្ទុប៉ុណ្ណោះ។ ណាហ្គាវើលដ៏ ចាញ់ពីរលើកជាប់គ្នាក្នុងការប្រកួតចុងក្រោយពោល ចាញ់ ព្រះខ័នរាជស្វាយរៀង និង អង្គរថាយហ្គឺរ ២-០ ដូចគ្នា។
ណាហ្គាវើលដ៍ មានតែលទ្ធផលស្មើ ឬ ឈ្នះទេដែល អាចរក្សាបាន Top 6 និង មិនខ្វល់អំពីរឿង អង្គរថាយហ្គឺរ ឈ្នះ នគរបាលជាតិ ប៉ុន្មានគ្រាប់នោះឡើយ មុនពេល កងយោធពលខេមរភូមិន្ទមានប្រៀបពេលជួប អគ្គិសនីកម្ពុជា នៅថ្ងៃអាទិត្យ។
ចំណែកក្រុមរបស់លោក Curtis Colum មាន ២២ ពិន្ទុ ស្ថិតនៅលេខ៣ និង មិនភិតភ័យរឿងធ្លាក់ចេញពី Top 6 ឡើយ ប៉ុន្តែ រឿងសំខាន់ គឺ ចង់ឈ្នះដើម្បីរក្សាគម្លាតតិចជាមួយក្រុម ព្រះខ័នរាជស្វាយរៀង ក្នុងករណីបឹងកេត អាចយកឈ្នះក្រុមការពារជើងឯកនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។
កីឡាករសំខាន់៖
Mihaljevic Filip៖ គេជាខ្សែប្រយុទ្ធប្រកបដោយគ្រោះថ្នាក់ដែលអាចលេងក្នុងប្រអប់ និង ក្រៅប្រអប់បានល្អណាស់។ បច្ចុប្បន្ន កីឡាករសញ្ជាតិក្រូអាស៊ីរូបនេះរកបាន ១១ គ្រាប់ក្នុងចំណោម ១១ ប្រកួតកន្លងមក ពោលគិតជាមធ្យម គេរកបាន ១ គ្រាប់ក្នុងមួយប្រកួត។ Mihaljevic ជាអ្នកធ្វើទុក្ខបុកម្នេញ ណាហ្គាវើសដ៍ នៅថ្ងៃស្អែកតាមរយៈសហការគ្នាយ៉ាងរឹងមាំជាមួយ រ៉ឹង ប៊ុនហៀង និង កែវ សុខផេង។
Marcio De Oliveira ៖ គេជាតារាជើងស៊ុតប្រចាំក្រុមលោក មាស ចាន់ណា រដូវកាលនេះពោលបាន ៨គ្រាប់ក្នុងនោះធ្វើបានហែទ្រីកម្ដងទល់នឹង អាស៊ីអឺរ៉ុបយូណាយធីត។ ពីរលើកចុងក្រោយនេះ Marcio ត្រូវបានខ្សែការពារព្រះខ័នរាជស្វាយរៀងនិង អង្គរថាយហ្គឺរ បិទដូចចេកចៀន ប៉ុន្តែ រូបនឹងធ្វើព្យុះភ្លៀងនាល្ងាចថ្ងៃស្អែកមិនខាន ខណៈដែល Booysen ត្រលប់មកទីលានវិញក្រោយជាពីរបួស។ Marcio អាចទាញកម្លាំង និង បញ្ជូនបាល់ឲ្យមិត្តរួមក្រុម ឬ អាចស៊ុតពីមុខប្រអប់គ្រោះថ្នាក់យ៉ាងជំនាញ។ មិនត្រឹមតែស៊ុតច្រើនប្រចាំក្រុមនោះទេ Marcio បញ្ជូនបាល់ឲ្យដៃគូស៊ុតប្រមាណ ៦ លើកហើយគិតត្រឹមប្រកួតទី១១ របស់ណហ្គា និង ស្ថិតនៅកំពូលតារាងមួយនៃស្ថិត Assist ផងដែរ។
ជម្រើស១១នាក់ដែលគ្រូបង្វឹកចូលចិត្តប្រើរបស់ក្រុមទាំងពីរ៖
ណាហ្គាវើលដ៍៖
ក្នុងជំនួបធំៗភាគច្រើនលោក មាស ចាន់ណា ចូលចិត្តប្រើកីឡាករ ១១ នាក់ដូចខាង។ ក្នុងនោះលោកក៏ប្រើទម្រង់ ៤-៤-២៖
អ្នកចាំទី៖ ស៊ូ យ៉ាទី,
ខ្សែការពារ ៤ ៖ ស៊ុន សុវណ្ណារិទ្ធិ, រៀម សឹង, Naoto, ឃីម បូរី,
ខ្សែបម្រើ ៣៖ គួច សុកុម្ភៈ, គួច ដានី, សុះ ស៊ូហាណា,Yuta,
ខ្សែប្រយុទ្ធ ២ ៖ Marcio, Booysen
វិសាខា
ជម្រើស ១១ នាក់ដែលលោក Curtis Colum ចូលចិត្តប្រើកន្លងក្នុងទម្រង់ ៤-៤-២៖
អ្នកចាំទី៖ កែ សុខសិលា,
ខ្សែការពារ ៤ ៖ ស៊ិន សុផាណាត់, Mohammed, អ៊ុក សុវណ្ណ, ឆេង ម៉េង,
ខ្សែបម្រើ ៣៖ ស៊ិន កក្កដា, អ៊ិន សុដាវីឌ, Zazai, កែវ សុខផេង
ខ្សែប្រយុទ្ធ ៣ ៖ រ៉ឹង ប៊ុនហៀង, Mihaljevic
ជំនួប៤លើកក្នុង២រដូវកាលចុងក្រោយនៅលីគកំពូល៖
ក្នុងជំនួប៤លើកពីររដូវកាលនៃលីគកំពូល វិសាខាឈ្នះ ២ លើក ណាហ្គា ឈ្នះ ១ និង ស្មើ ១ ៖
វិសាខា ២-២ ណាហ្គាវើលដ៍ ២៦ តុលា ២០១៩
ណាហ្គាវើលដ៍ ២-៣ វិសាខា ២៣ មិថុនា ២០១៩
វិសាខា ១ -២ ណាហ្គាវើលដ៍ ២៣ កញ្ញា ២០១៨
ណាហ្គាវើលដ៍ ០-៣ វិសាខា ០២ មិថុនា ២០១៨
លទ្ធផល៣លើកចុងក្រោយរបស់ក្រុមទាំងពីរ៖
ណាហ្គាវើលដ៍
អាស៊ីអឺរ៉ុបយូណាយធីត ២-៤ ណាហ្គាវើលដ៍
ណាហ្គាវើលដ៍ ០-២ ព្រះខ័នរាជស្វាយរៀង
អង្គរថាយហ្គឺរ ២-០ ណាហ្គាវើលដ៍
វិសាខា
វិសាខា ១០ -១ អាស៊ីអឺរ៉ុបយូណាយធី
ព្រះខ័នរាជស្វាយរៀង ៣ -២ វិសាខា
វិសាខា ៣ -១ អង្គរថាយហ្គឺរ
តើ ណាហ្គា ឬ វិសាខា ដែលធ្វើបានល្អក្នុងជំនួបស្អែកនេះ?
អត្ថបទ៖ CNCC