សា ទី រំឭករឿងរ៉ាវលំបាកមួយមុនចូលក្លិបអគ្គិសនី

24 Aug 2020 14:06

1168

Share :


សា ទី គឺជាកីឡាករវ័យក្មេងមួយរូបកំពុងបង្ហាញភាពលេចធ្លោនៅក្លិបបាល់ទាត់អគ្គិសនីកម្ពុជាតាមរយៈភាពវៃឆ្លាត, ល្បឿន និងបច្ចេកទេស។
ខ្សែបម្រើកណ្ដាលខាងលើបានចូលរួមជាមួយក្រុមតំណាងអង្គភាពស្វយ័តអគ្គិសនីកម្ពុជាតាមរយៈការធ្វើតេស្ដសមត្ថភាពនៅដើមរដូវកាល២០២០ ក្រោយចាកចេញពីមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី ដែលគេចំណាយពេលនៅរដូវកាល២០១៩ប្រកួតប្រជែងក្នុងក្របខណ្ឌ Metfone Cambodian League។ 

ប៉ុន្តែមុនឈានទៅបង្ហាញសមត្ថភាពគួរចាប់អារម្មណ៍ ម្ចាស់អាវលេខ២១នៅ EDC បានបង្ហើបរឿងរ៉ាវស្ទើរតែបាក់ទឹកចិត្តមួយ និងធ្វើឲ្យគេសម្រេចចិត្តវិលទៅស្រុកកំណើតមួយរយៈ នោះគឺបញ្ហាក្នុងការស្វែងរកទ្រនំថ្មី ក្រោយចាកចេញពីក្រុមយុវជនបាទី។

កីឡាករមានប្រភពពីខេត្តកំពង់ឆ្នាំងបង្ហើបថា ពុំមានក្លិបមួយណាទាក់ទងរូបគេឡើយ បន្ទាប់ពីឈប់លេងនៅបាទី។ គេក៏ទៅវិលទៅសម្រាកនៅស្រុកកំណើតវិញ ហើយក្រោយមកក៏ដាច់ចិត្តទាក់ទងទៅលោក មាស សំអឿន គ្រូបង្គោលអគ្គិសនីកម្ពុជា។ ការទាក់ទងដំបូងពុំបានផ្លែផ្កាភ្លាមៗ តែមួយរយៈក្រោយ គេក៏ទទួលបានការអនុញ្ញាតទៅហ្វឹកហាត់បង្ហាញសមត្ថភាព។

សា ទី លម្អិត “៖ក្រោយខ្ញុំចេញពីបាទី អត់មានក្លិបណាចង់បានខ្ញុំទេ ខ្ញុំទាក់ទងទៅក្លិបគេ ក៏គេអត់ចង់បានខ្ញុំដែរ។ ខ្ញុំបានទាក់ទងទៅគ្រូអឿន គាត់អត់ទាន់យកខ្ញុំភ្លាមដែរ។ ខ្ញុំបានទៅស្រុកមួយរយៈ ហើយក្រោយមកទើបគាត់ហៅទៅហាត់នៅអគ្គិសនី។ គាត់ទៅទទួលខ្ញុំផ្ទាល់ទៀត។ ហាត់ជិតមួយអាទិត្យ ទើបគេសម្រេចចិត្តថារើសយកខ្ញុំ។ និយាយទៅ មានគ្រូអឿន ទើបខ្ញុំមានឱកាសបង្ហាញសមត្ថភាពដូចសព្វថ្ងៃ។”

សា ទី សង្កត់ធ្ងន់ថា សប្បាយចិត្តចំពោះការលេងនៅអគ្គិសនីកម្ពុជា ព្រោះមានឱកាសបង្ហាញខ្លួន បញ្ចេញសមត្ថភាព ដើម្បីភាពរីកចម្រើនទៅពេលខាងមុខ។

យុវជនដដែលរំឭកថា ដើមឡើយ គេបានប្រលូកក្នុងការប្រកួតនៅសាលារៀន មុនឈានជើងចូលបាទីនៅដើមឆ្នាំ២០១៩ តាមរយៈការធ្វើតេស្ដ។ ប៉ុន្តែការរួមរស់នៅក្រុមថ្នាលរបស់សហព័ន្ធបាល់ទាត់ជាតិកម្ពុជា គេមិនសូវបានបង្ហាញប៉ុន្មានឡើយ ទើបសម្រេចចិត្តចាកចេញនៅខែធ្នូ ចុងឆ្នាំដដែលនោះ។
បច្ចុប្បន្ន សា ទី ក៏មានឈ្មោះក្នុងបញ្ជីបឋមរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំត្រៀមព្រឹត្តិការណ៍ AFC U19 Championship 2020 ផងដែរ៕

អត្ថបទ៖ CNCC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania