បឹងកេតឡើងឈរកំពូលតារាងក្រោយចប់ជុំទីមួយ MCL 2020
24 Aug 2020 18:08 1078

ក្លិបបាល់ទាត់បឹងកេតបានឡើងទៅកាន់កំពូលតារាង Metfone Cambodian League ក្រោយបញ្ចប់ការប្រកួតជុំទីមួយទាំងស្រុងតាមរយៈជ័យជម្នះ៤ទល់នឹង២លើម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ក្នុងការប្រកួតសប្ដាហ៍ទី១២ នៅថ្ងៃអាទិត្យ ទី២៣ ខែសីហា នាកីឡដ្ឋានខេត្តស្វាយរៀង។ 

៤គ្រាប់របស់បឹងកេតធ្វើបានដោយ Mothusi Gopane, សៀង ចន្ធា  និងម៉ាត់ នូរុណ ពីរគ្រាប់ ខណៈព្រះខ័នរាជស្វាយរៀងតាមពីក្រោយដោយ Daisuke Kobayashi និង Privat Mbarga។

លទ្ធផលនេះក៏បន្តឲ្យបឹងកេតរក្សាភាពមិនចាញ់របស់ខ្លួនគិតត្រឹម១២ប្រកួតនៅជុំទីមួយ ពោលឈ្នះ៩ និងស្មើពីរមាន២៩ពិន្ទុ ខណៈក្រុមលេខពីរព្រះខ័នរាជស្វាយរៀង ដែលមាន២៧ពិន្ទុ បានទទួលបរាជ័យលើកដំបូងនៅរដូវកាល២០២០។ 

ជាមួយគ្នានេះដែរ សម្រាប់ក្រុមស្ថិតនៅតំបន់កំពូលទាំង៦ ឬ Top 6 ជាមួយបឹងកេត និងព្រះខ័នរាជស្វាយរៀងដែរនោះ គឺវិសាខា, ណាហ្គាវើលដ៍, សមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ និងភ្នំពេញក្រោន។  

គួរដឹងដែរថា ជុំទីពីរ Metfone Cambodian League 2020 នឹងចាប់ផ្ដើមពីថ្ងៃទី០៥ ខែកញ្ញា រហូតដល់ថ្ងៃទី២៥ ខែតុលា។ ដោយឡែក ការប្រកួតជុំទីពីរនេះ មានការប្រែប្រួលចំពោះរូបមន្តប្រកួត គឺក្រុមកំពូលទាំង៦ត្រូវប្រជែងគ្នាយកចំណាត់ថ្នាក់លេខមួយ, លេខពីរ និងលេខបី។ ចំណែកក្លិបនៅលំដាប់ទី៧ដល់ទី១៣ប្រកួតគ្នាជាធម្មតា។

សម្រាប់ការគិតពិន្ទុវិញ គឺបូកបន្តគ្នាដោយគិតលើពិន្ទុសរុបជើងទីមួយ និងផលសងគ្រាប់បាល់។ ចំណែកជើងទីពីរ គឺតាមប្រព័ន្ធ Head-Head៕


អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania