ព័ត៌មានទូទៅក្រោយចប់វគ្គ១៦ក្រុមពានសម្ដេចតេជោថ្នាក់ជាតិចំនួន៧គូ
25 Aug 2020 08:35 1077

១. ក្រុមឡើងទៅវគ្គ៨ក្រុម

ក្រុមបាល់ទាត់ខេត្តព្រៃវែង, គិរីវង់សុខសែនជ័យ, ណាហ្គាវើលដ៍, បឹងកេត, ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន និងសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ ទទួលបានកៅអីទៅកាន់វគ្គ៨ក្រុមចុងក្រោយពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ២០២០ រួចរាល់ហើយក្រោយចប់ការប្រកួតនៅថ្ងៃពុធ ទី១៩ និងថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា។ 

ក្រុមជើងឯកថ្នាក់ខេត្ត២០២០ ព្រៃវែងបានទម្លាក់អង្គរថាយហ្គឺរ ដោយលទ្ធផលសរុបទាំងពីរជើង ៥ទល់នឹង៤។ កាលជើងទីមួយនៅសៀមរាប ខេត្តព្រៃវែងបានយកឈ្នះ២ទល់នឹង៣ មុនស្មើគ្នា២ទល់នឹង២ នៅជើងទីពីរ។ 

ចំណែក គិរីវង់សុខសែនជ័យ ដែលស្មើ០ទល់នឹង០ ជាមួយនគរបាលជាតិ នៅខេត្តតាកែវ ជើងទីមួយ បានបន្តស្មើ១ទល់នឹង១ នៅជើងទីពីរ រហូតឈានដល់ការកាត់សេចក្ដីដោយបាល់១១ម៉ែត្រ។ លទ្ធផល គឺ គិរីវង់សុខសែនជ័យ ឈ្នះនគរបាលជាតិ ៣ទល់នឹង៤។ 

សម្រាប់ណាហ្គាវើលដ៍វិញ បានបន្តឈ្នះអគ្គិសនីកម្ពុជា ០ទល់នឹង១ នៅជើងទីពីរ នាកីឡដ្ឋាន EDC ធ្វើឲ្យលទ្ធផលសរុបទាំងពីរជើង គឺ ៤ទល់នឹង២។ 

ក្រុមការពារតំណែងជើងឯកថ្នាក់ជាតិបឹងកេតឯណេះនៅតែបន្តឈ្នះក្រុមលេខ៤ ថ្នាក់ខេត្ត សៀមរាបទៀត ដោយជើងទីពីរ នៅ Cambodia Airway លទ្ធផល ១៣ទល់នឹង០ ក្រោយឈ្នះជើងទីមួយនៅកីឡដ្ឋានស្វាយធំ ០ទល់នឹង៥។ 

ភ្នំពេញក្រោន បានឡើងទៅកាន់វគ្គបន្ត តាមរយៈជ័យជម្នះលើអាស៊ីអឺរ៉ុបយូណាយធីត (០-៤ ជើងទីមួយ)និង(០-៦ជើងទីពីរ) ខណៈព្រះខ័នរាជស្វាយរៀងទម្លាក់សូលទីឡូអង្គរ ដោយលទ្ធផលសរុប៣ទល់នឹង០ (១-០ ជើងទីមួយ) និង(០-២ជើងទីពីរ)។

មួយក្រុមទៀត គឺសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ បានទម្លាក់ក្រុមជើងឯករងថ្នាក់ខេត្ត ២០២០ កែប ដោយលទ្ធផល សរុប៣ទល់នឹង១៤ (១០-២ ជើងទីមួយ) និង (១-៤ ជើងទីពីរ)។

ដោយឡែក វិសាខា និងត្បូងឃ្មុំ ទើបតែប្រកួតគ្នាមួយជើងប៉ុណ្ណោះ កាលថ្ងៃពុធ ទី១៩ ខែសីហា ដោយដំណើរការជើងទីពីរជាមុនសិន ក្រោយជើងទីមួយត្រូវបានលើកពេល។ ក្នុងជើងទីពីរនៅ Prince Stadium វិសាខា យកឈ្នះ៩ទល់នឹង០។ សម្រាប់ការប្រកួតបង្គ្រប់ជើងទីមួយនឹងធ្វើឡើងនៅថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២០ នៅទីលានវិទ្យាល័យ ព្រះសីហនុ ខេត្តកំពង់ចាម។

២. កម្មវិធីប្រកួតជើងទីពីរ 

គូប្រកួតវគ្គ៨ក្រុមចុងក្រោយជាបន្តមានដូចតទៅ ៖ 

ណាហ្គាវើលដ៍ប៉ះព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោនជួបជាមួយគិរីវង់សុខសែនជ័យ, ក្រុមខេត្តព្រៃវែងប្រកួតជាមួយសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ និងបឹងកេតរង់ចាំក្រុមឈ្នះរវាងខេត្តត្បូងឃ្មុំ និងវិសាខា។ 

ការប្រកួតវគ្គ៨ក្រុមចុងក្រោយក៏ដូចវគ្គ១៦ក្រុមដែរ ពោលគឺក្នុងករណីស្មើគ្នាសរុបទាំងពីរជើងនឹងឈានដល់ការទាត់១១ម៉ែត្រកាត់សេចក្ដីតែម្ដង។

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania