លោក មាស ចាន់ណា ប្រាប់គោលដៅរបស់ណាហ្គានៅ MCL ជុំទីពីរ
26 Aug 2020 09:21 930

លោក មាស ចាន់ណា គ្រូបង្គោលក្លិបណាហ្គាវើលដ៍ទទួលស្គាល់ថា ឱកាសប្រជែងតំណែងជើងឯក Metfone Cambodian League រដូវកាល២០២០ ជុំទីពីរពិតជានៅឆ្ងាយពីដៃរបស់ក្រុមលោក តែអ្វីសំខាន់នោះ សមាជិកគ្រប់រូបនឹងប្រឹងអស់ពីលទ្ធភាព យ៉ាងហោចណាស់ក៏អាចបញ្ចប់នៅចំណាត់ថ្នាក់លេខ៣ដែរ។

១២ប្រកួតនៅជុំទីមួយ ក្រុមជើងឯក MCL ពីរសម័យ បញ្ចប់នៅចំណាត់ថ្នាក់ទី៦ មាន២២ពិន្ទុ ដោយឈ្នះ៦ ស្មើ៤ និងចាញ់២ ពីក្រោមក្រុមកំពូលតារាងបឹងកេត១០ពិន្ទុ ហើយជុំទីពីរមានតែ៥ប្រកួតប៉ុណ្ណោះដើម្បីប្រកួតប្រជែងយកពិន្ទុបន្តទៀតសម្រាប់ក្រុមកំពូលទាំង៦។ ដូច្នេះហើយបានជាលោក មាស ចាន់ណា លើកឡើងថា ណាហ្គាមានឱកាសតិចតួចប្រជែងជើងឯក។ 

លោក មាស ចាន់ណា រៀបរាប់ “៖សម្រាប់ណាហ្គា ឱកាសប្រជែងពានគឺនៅឆ្ងាយ ព្រោះគម្លាតពិន្ទុពីក្រុមកំពូលតារាងទៅក្រុមលេខ៦ មានដល់ទៅ១០ប៉ុណ្ណោះឯណោះ អ៊ីចឹងឱកាសនៅសេសសល់តិចតួចណាស់។ បើរំពឹងថា ឈ្នះពាន ទាល់តែក្រុមយើងឈ្នះទាំង៥ប្រកួត ហើយក្រុមផ្សេងៗទៀតប្រកួតចាញ់។ អ៊ីចឹងឥឡូវសម្រាប់ទិសដៅរបស់យើងត្រូវព្យាយាមបន្ត គឺមានតែធ្វើម៉េចឲ្យបានលេខ៣ បើបានលេខ៣ក៏ជាជោគជ័យសម្រាប់យើងដែរក្នុងរដូវកាលនេះនៅពេលដែលយើងស្ថិតក្នុងដំណាក់កាលលេខ៦បែបនេះ។”

គ្រូបង្វឹកកាន់ A-License នៅតែពេញចិត្តចំពោះចំណាត់ថ្នាក់លេខ៦ ទោះណាហ្គាវើលដ៍ស្ទើរតែទទួលបានចំណាត់ថ្នាក់លេខ៣ទៅហើយក្នុងការប្រកួតចុងក្រោយនៅជុំទីមួយ តែបែរវិសាខាតាមស្មើនៅចុងម៉ោងវិញ។

ជុំទីពីរ Metfone Cambodian League 2020 នេះ ណាហ្គាវើលដ៍ត្រូវបើកឆាកជួបសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទនៅស្តាតចាស់ ថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា៕

អត្ថបទ៖ CNCC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania