ថ្នាក់ដឹកនាំបឹងកេតនិយាយពីការប៉ះវិសាខាផ្ទួនៗគ្នា
27 Aug 2020 13:22 1904

លោក បែ មករា អ្នកចាត់ការក្លិបបឹងកេតយល់ឃើញថា ជំនួបជាប់ៗគ្នាជាមួយវិសាខាទាំងនៅពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ វគ្គ៨ក្រុម និងបើកឆាកជុំទីពីរ Metfone Cambodian League អាចនឹងផ្ដល់សម្ពាធខ្លះៗដល់ក្រុមទាំងពីរ។

បឹងកេត និងវិសាខា ត្រូវប៉ះគ្នានៅជើងទីមួយពានសម្ដេចតេជោ ហ៊ុន សែន ថ្ងៃអាទិត្យ ទី៣០ ខែសីហា នាកីឡដ្ឋាន Cambodia Airways មុនទៅ Prince Stadium សម្រាប់ការប្រកួតបើកឆាកជុំទីពីរ Metfone Cambodian League នៅថ្ងៃអាទិត្យ ទី០៦ ខែកញ្ញា។ 

លោក បែ មករា បង្ហាញការយល់ឃើញបែបនេះ “៖គ្រាន់តែមានលក្ខណៈខុសគ្នាបន្តិច ព្រោះពានសម្ដេចតែកីឡាករក្នុងស្រុក និងលីគមានបរទេស។ ខ្ញុំជឿថា ក្រុមទាំងពីរអាចមានសម្ពាធផ្លូវចិត្តបន្តិច តែក្នុងកីឡា ជួបនរណាយើងប្រកួតជាមួយអ្នកហ្នុង និងអស់ពីសមត្ថភាព។ សម្រាប់ការប្រកួតទាំងពីរកម្មវិធីនេះ គឺយើងផ្ដោតទាំងពីរតែម្ដង មិនថា ពានសម្ដេច ឬលីគកំពូលទេ។”

គួរដឹងដែរថា បឹងកេតបានបញ្ចប់ជុំទីមួយ Metfone Cambodian League រដូវកាល២០២០ នៅចំណាត់ថ្នាក់លេខមួយ ដោយមាន៣២ពិន្ទុ ជាមួយកំណត់ត្រាមិនចាញ់សោះ។ ចំណែកវិសាខា ស្ថិតនៅលេខ៣ មាន២៣ពិន្ទុ និងធ្លាប់ចាញ់បឹងកេត ១ទល់នឹង០ នៅជើងទីមួយ។ 

សម្រាប់ដំណើរទៅកាន់វគ្គ៨ក្រុមចុងក្រោយ ពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិវិញ បឹងកេតបានទម្លាក់សៀមរាប ខណៈវិសាខាទម្លាក់ត្បូងឃ្មុំ។ ដោយឡែក បឹងកេតក៏ធ្លាប់ឈ្នះវិសាខានៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ២០១៩ មុនបន្តទៅក្រសោបយកតំណែងជើងឯកតាមរយៈជ័យជម្នះដោយបាល់កាត់សេចក្ដី១១ម៉ែត្រលើព្រះខ័នរាជស្វាយរៀងនៅវគ្គផ្ដាច់ព្រ័ត្រ៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania