វ៉ា ឃ្វីនទីន៖ «គ្រូចាន់ណា សម្បូរតាក់ទិកថ្មីៗ ផ្ដល់ឱ្យពួកយើង»

04 Sep 2020 14:14

966

Share :


កីឡាករបារាំងដើមកំណើតខ្មែរ វ៉ា ឃ្វីនទីន បានលើកឡើងថា ក្រោយចូលរួមជាមួយណាហ្គា រូបគេទទួលបានចំណេះដឹងលើវាលស្មៅជាច្រើនបន្ថែមទៀត លើអ្វីដែលគេមានស្រាប់ ក៏ព្រោះលោក មាស ចាន់ណា ជាគ្រូបង្វឹកមួយរូបសម្បូរទៅដោយកលល្បិច និងយុទ្ធសាស្ត្រថ្មីៗ ដើម្បីឲ្យរូបគេ ក៏ដូចជាមិត្តរួមក្រុមទាំងអស់អភិវឌ្ឍសមត្ថភាពបន្ថែម។

«សម្រាប់ការចូលរួមជាមួយណាហ្គាក្នុងរដូវកាល ២០២០ នេះ ខ្ញុំយល់ថា ខ្លួនខ្ញុំបានបង្កើនកម្រិតសមត្ថភាពលើសមុន ព្រោះខ្ញុំបានរៀនសូត្រច្រើនពីគ្រូ មាស ចាន់ណា ពិសេសយុទ្ធសាស្ត្របច្ចេកទេសថ្មីៗ ដែលគាត់បានបង្កើត និងដាក់ឲ្យពួកយើងធ្វើក្នុងការប្រកួតនីមួយៗ។ គាត់ជាគ្រូមានភាពច្នៃប្រឌិត និងចូលចិត្តស្វែងរកអ្វីថ្មីមកពង្រឹងក្រុម ក៏ដូចជាកីឡាករម្នាក់ៗ»។

បែបណាក្ដី ឃ្វីនទីន អះអាងថា ក្នុងជុំទី១កន្លងមក រូបគេនៅជួបបញ្ហាមួយចំនួន ដែលបង្អាក់ដល់ការបង្ហាញខ្លួនទៀងទាត់ជាមួយក្រុម។ បែបណាក្ដី កីឡាករវ័យ ៣៣ឆ្នាំខាងលើ បានបង្ហាញភាពរីករាយ និងការតាំងចិត្តកាន់តែខ្ពស់ ក្រោយណាហ្គាវើលដ៍ស្ថិតក្នុងលំដាប់ក្រុមមានពិន្ទុច្រើនទាំង ៦ (Top 6) ដែលនឹងត្រូវប្រជែងយកជើងឯកលីគ សម្រាប់ជុំទី ២។

គួររំឭកថា វ៉ា ឃ្វីនទីន បានមកដល់កម្ពុជាដំបូង ដោយទទួលបានកុងត្រាអាជីពពីភ្នំពេញក្រោន នៅឆ្នាំ ២០១៤ មុនត្រលប់ទៅបារាំងវិញរយៈ។ ក្នុងរដូវកាល ២០២០នេះ គេបានចូលរួមជាមួយណាហ្គាវើលដ៍។ ឃ្វីនទីន ធ្លាប់ជាប់ជម្រើសជាតិ និងរកគ្រាប់បាល់បញ្ចូលទីបាន ១គ្រាប់ ពេលលេងមិត្តភាពទល់នឹងព្រុយនេ៕

អត្ថបទ៖ CNCC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania