Legend បឹងកេត ឃួន ឡាបូរ៉ាវី លើកឡើងពីគុណភាពសិស្សប្អូន នូរុណ និង ចន្ធា
07 Sep 2020 14:14 6104

ម្ចាស់ស្បែកជើងមាសពានសម្ដេចតេជោ ៤សម័យ ឃួន ឡាបូរ៉ាវី បានបង្ហាញពីការយល់ឃើញរបស់ខ្លួន ចំពោះខ្សែប្រយុទ្ធស្រករក្រោយលេចធ្លោ ២រូបរបស់បឹងកេត ដែលកំពុងបង្ហាញភាពឆ្នើមទាក់ទាញការចាប់អារម្មណ៍ពីអ្នកតាមដានបាល់ទាត់ក្នុងស្រុកយ៉ាងខ្លាំង។

អតីតខ្សែប្រយុទ្ធមកពីខេត្តកំពង់ចាមលើកឡើងពី សៀង ចន្ធា ថា៖ «ចន្ធា ចំនុចល្អរបស់គាត់ គឺល្បឿន គាត់រត់លឿន ហើយការប្ដូរល្បឿនរបស់គាត់ក៏លឿនដូចគ្នា។ ចំណែកការបណ្ដើរបាល់ ភាពស្និទ្ធជាមួយបាល់ គាត់ធ្វើបានល្អមែនទែន។ ម្យ៉ាងទៀត កម្លាំងគាត់ក៏ល្អដែរ។ យើងឃើញថារាល់ប្រកួត គាត់តែងធ្វើការធ្ងន់ ព្រោះទាំងការពារ និងប្រយុទ្ធ គាត់ចូលរួមច្រើន។ ប៉ុន្តែបើនិយាយពីការបញ្ចប់ទី គាត់បញ្ចប់បានល្អហើយ ប៉ុន្តែក៏នៅពុំជោគជ័យច្រើនទេ បើធៀបនឹងនូរុណ»។

ដោយឡែក ចំពោះ ម៉ាត់ នូរុណ វិញ ជយលាភីលីគកំពូល ៣សម័យ និងពានសម្ដេច ២សម័យខាងលើ រៀបរាប់ថា៖ «ចំនុចល្អរបស់ នូរុណ គឺការបញ្ចប់ទី និងភាពឆ្លាតវៃ។ គាត់ពូកែមើលស្ថានភាព និងចេះបង្កើតឱកាសបានច្រើន ទោះក្នុងស្ថានភាពចង្អៀតបែបណា ក៏គាត់គិតរកឱកាសបញ្ចប់ទីបាន។ ពាក់ព័ន្ធនឹងការជ្រើសរើសទីតាំង ដោយឈរនៅតំបន់ណា ដើម្បីទទួលបាល់ និងបង្កើតឱកាសទាត់ទី។ ប៉ុន្តែបើនិយាយពីល្បឿន និងកម្លាំង ដូចជាស្ទើរជាង ចន្ធា ព្រោះគាត់ធ្វើការនៅតំបន់ប្រយុទ្ធច្រើន តែ ចន្ធា វិញ ធ្វើការច្រើនទាំងប្រយុទ្ធ និងការពារ»។ 

សរុបជារួម បូរ៉ាវី យល់ថា នូរុណ និង ចន្ធា មានចំនុចខ្លាំង និងខ្សោយម្យ៉ាងម្នាក់ ហើយថា ប្រសិនបើអ្នកទាំងពីរនៅតែបន្តព្យាយាម និងរក្សាឆន្ទៈមុតស្រួច ពួកគេអាចឈានដល់ចំនុចខ្ពស់ជាងនេះទៅទៀត ពិសេសការប្រកបអាជីពកម្រិតអន្តរជាតិ៕

អត្ថបទ៖ CNCC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania