លោក កែវ សុខង៉ន “៖ចាន់ចាវ ធូរច្រើនហើយ តែយើងនៅតាមដានបន្ថែមទៀតសិន”

10 Sep 2020 11:34

1025

Share :


ខ្សែបម្រើ ជួន ចាន់ចាវ របស់ក្លិបបាល់ទាត់ភ្នំពេញក្រោនដែលបានប៉ះទង្គិចគ្នាដោយយថាហេតុជាមួយមិត្តរួមក្រុម Timothy Okereke ពេលជិតចប់វគ្គទីពីរ ការប្រកួត Metfone Cambodian League តទល់ព្រះខ័នរាជស្វាយរៀង កាលថ្ងៃអាទិត្យ ទី០៦ ខែកញ្ញា នោះ បានធូរស្បើយច្រើនហើយ។ នេះបើតាមការឲ្យដឹងពីអ្នកចាត់ការក្រុមភ្នំពេញក្រោន លោក កែវ សុខង៉ន។ 

យ៉ាងណា ថ្នាក់ដឹកនាំប្រាប់ថា ក្រុមការងារពេទ្យនៅតាមដានស្ថានភាពកីឡាករវ័យក្មេងខាងលើមួយរយៈទៀតសិន បន្ទាប់ពីបានពិនិត្យស្មារតី និងផ្នែកសំខាន់ៗមួយចំនួនទៀត។ លោក កែវ សុខង៉ន រំពឹងថា ចាន់ចាវ នឹងអាចវិលទាន់ការប្រកួត MCL នៅសប្ដាហ៍នេះ។

លោក កែវ សុខង៉ន បញ្ជាក់លម្អិត “៖គាត់ធូរស្បើយច្រើនហើយទាំងស្មារតី ផ្លូវអារម្មណ៍អីហ្នឹង។ គាត់នឹងវិលមកទីលានហាត់វិញឆាប់ៗ។ បើតាមការធ្វើតេស្ដពីគ្រូពេទ្យក្លិបយើងចំពោះពាក់ព័ន្ធការសន្លប់របស់គាត់ហ្នឹង ឃើញថា ធូរស្បើយច្រើនមែនទែន។ បន្ទាប់ពីសម្រាក២ទៅ៣ថ្ងៃហ្នឹង យើងអត់ទាន់ឲ្យគាត់ហាត់ដើម្បីឲ្យគាត់ប្រមូលកម្លាំងអីបានស្រួលវិញសិន។ យើងធ្វើតេស្ដវិជ្ជមាន ហើយយើងក៏នឹងតាមដានបន្ថែមទៀតដែរ សង្ឃឹមថា គាត់នឹងអាចចូលលេងវិញបាននៅសប្ដាហ៍នេះ។”

គួរដឹងដែរថា ភ្នំពេញក្រោនបានបើកឆាកជុំទីពីរ Metfone Cambodian League 2020 ដែលជាការប្រកួតក្នុងចំណោម Top 6 ដោយឈ្នះព្រះខ័នរាជស្វាយរៀង១ទល់នឹង២។ ក្រុមដឹកនាំដោយគ្រូបង្គោល សុំ វណ្ណា នឹងជួបជាមួយម្ចាស់ផ្ទះវិសាខា នៅថ្ងៃសៅរ៍ ទី១២ ខែកញ្ញា៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania