ខ្សែការពារ ស៊ុក វឌ្ឍនា រំឭកដើមចមទៅរួមរស់ជាមួយសូលទីឡូអង្គរ

11 Sep 2020 14:09

1169

Share :


ខ្សែការពារសូលទីឡូអង្គរ ស៊ុក វឌ្ឍនា រៀបរាប់ថា ដោយសារចិត្តចង់ប្រលូកក្នុងលីគកំពូលឆាប់ៗ គេបានសម្រេចចិត្តចាកចេញពីក្រុមយុវជនកងយោធពលខេមរភូមិន្ទ ផ្សងព្រេងតាំងពីភ្នំពេញ ទៅធ្វើតេស្តសមត្ថភាពដល់សៀមរាបទាំងពុំសូវមានរំពឹង តែជាផលល្អមួយ រូបគេត្រូវបានក្លិបផ្ដល់កិច្ចសន្យាអាជីព ហើយរកបានកៅអីជម្រើសដំបូងស្ទើរគ្រប់ប្រកួត។

«ពីដើមខ្ញុំជាយុវជនទ័ពអាយុក្រោម ១៩ឆ្នាំ ជំនាន់ជាមួយ កាន់ ពិសាល ណារ៉ុង កក្កដា ប៉ុន្តែក្រោយមកក្លិបរំសាយ ហើយខ្ញុំអត់បានឡើងទៅឈុតធំទេ។ ដោយមានបំណងចង់លេងលីគកំពូលឆាប់ៗ រួមនឹងការផ្ដល់យោបល់ពីបងប្រុស និងលោកគ្រូផង ខ្ញុំសម្រេចចិត្តទៅធ្វើតេស្តជាមួយសូលទីឡូ ព្រោះគិតថា បើជាប់នឹងអាចមានឱកាសលេងច្រើន ជាងពេលនៅទ័ព ដែលសម្បូររៀមច្បងល្អៗ ពិបាកប្រជែងកៅអីជាមួយគាត់»។

យុវជនមានប្រភពពីស្រុកឧត្ដុង្គឲ្យដឹងទៀតថា ពេលទៅដល់សៀមរាបភ្លាម គេក៏ពុំមានរំពឹងខ្ពស់ពេកទេ ថាអាចទទួលបានជោគជ័យ ដ្បិតកាលនោះមានកីឡាករចាស់ៗសម្បូរបទពិសោធជាច្រើនរូប ទៅចូលរួមសាកល្បងសមត្ថភាពដែរ។ គេថា អាចជាសំណាងក៏ថាបាន ដែលរូបគេត្រូវបានក្លិបជ្រើសរើសឲ្យចូលរួមរហូតមកទល់សព្វថ្ងៃ។

ខ្សែការពារវ័យ ២១ឆ្នាំ ស៊ុក វឌ្ឍនា ទទួលបានកិច្ចសន្យាអាជីពរយៈពេល ១ឆ្នាំពីសូលទីឡូ កាលពីខែមករា ឆ្នាំ២០១៩ ហើយត្រូវបានក្លិបផ្ដល់ទំនុកចិត្តបន្តកុងត្រាទៅមុខទៀត កាលពីខែធ្នូ ឆ្នាំ២០១៩កន្លងទៅ៕

អត្ថបទ៖ CNCC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania