លោក មាស ចាន់ណា “៖ខ្ញុំមិនភ្ញាក់ផ្អើលទេចំពោះខ្សែប្រយុទ្ធបឹងកេត”

12 Sep 2020 13:20

4230

Share :


ភាពលេចធ្លោរបស់ខ្សែប្រយុទ្ធបឹងកេតនាពេលបច្ចុប្បន្ន ជាពិសេសសៀង ចន្ធា និងម៉ាត់ នូរុណ មិនត្រូវបានលោក មាស ចាន់ណា គ្រូបង្គោលក្លិបណាហ្គាវើលដ៍ ចាត់ទុកជារឿងដ៏ភ្ញាក់ផ្អើលសម្រាប់លោក ព្រោះគិតថា គ្រាន់តែជាកីឡាករក្នុងស្រុក ហើយពួកគេជំនាញតែជើងម្ខាងទៀត។ 

គ្រូបង្វឹកជាអតីតកីឡាករជម្រើសជាតិសង្កត់ធ្ងន់ថា បារម្ភតែម្យ៉ាងគត់នៅពេលពួកគេលេងជាក្រុមក្នុងប្រអប់អ្នកចាំទី តែចំពោះចំណុចផ្សេងវិញ មិនមានអ្វីគ្រោះថ្នាក់ខ្លាំងពេកទេសម្រាប់ណាហ្គាវើលដ៍។ 

លោក មាស ចាន់ណា បញ្ជាក់បែបនេះ “៖ចំពោះខ្ញុំមើលឃើញមួយរយៈនេះផុសផុលច្រើនចំពោះខ្សែប្រយុទ្ធពីរនាក់ គឺសៀង ចន្ធា និងម៉ាត់ នូរុណ តែគ្រាន់តែជាខ្សែប្រយុទ្ធក្នុងស្រុក និងជាខ្សែប្រយុទ្ធដែលប្រើតែជើងម្ខាង អ៊ីចឹងខ្ញុំអត់សូវបារម្ភទេ។ អ្វីខ្ញុំបារម្ភនោះ គឺការលេងចូលគ្នាមុខទីតែម្យ៉ាងទេ បើក្រៅពីហ្នឹង អត់មានអ្វីត្រូវបារម្ភខ្លាំងទេ។”

គ្រូបង្វឹកកាន់ A-License អះអាងថា បានត្រៀមផែនការរួចហើយដើម្បីទប់ស្កាត់បឹងកេតពីការឆក់ឱកាសរកគ្រាប់បាល់បញ្ចូលទី។ 
លោក មាស ចាន់ណា សង្កត់ធ្ងន់បន្ថែម “៖ប្រាកដណាស់សម្រាប់ខ្ញុំជាគ្រូ យើងមើលថា កីឡាករគេមានឱកាសទាត់ចូលរបៀបណា អ៊ីចឹងខ្ញុំមើលដើម្បីយកមកត្រៀម។ ដូច ម៉ាត់ នូរុណ គាត់មានឱកាសទាត់ចូលច្រើន ក៏ព្រោះគាត់ចេះបង្កើតឱកាសខ្លួនឯង និងមិត្តរួមក្រុមបង្កើតឱកាសឲ្យ ប៉ុន្តែខ្ញុំក៏បានត្រៀមយុទ្ធសាស្ត្ររួចរាល់ហើយ អ៊ីចឹងបានខ្ញុំនិយាយថា មិនសូវបារម្ភពីខ្សែប្រយុទ្ធបឹងកេតទេ។”

គួរដឹងដែរថា ណាហ្គាវើលដ៍ត្រូវទទួលបឹងកេតនៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ថ្ងៃសៅរ៍ ទី១២ ខែកញ្ញា នេះវេលាម៉ោង៦ល្ងាច សម្រាប់ការប្រកួត Top 6 នៃក្របខណ្ឌ Metfone Cambodian League៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania