Barry Lelouma រំពឹងកាន់តែខ្ពស់ ពេលបាន Omokafe និង Julien មកចូលរួមជុំទី២
13 Sep 2020 08:00 796

ខ្សែប្រយុទ្ធសញ្ជាតិហ្គីណេ Alpha Oumar Lelouma Barry អះអាងថា ការផ្ទេរមកកាន់គីរីវង់សុខសែនជ័យរបស់កីឡាករ Rasheed Omokafe និង David Julien William ក្នុងជុំទី២នេះ នឹងធ្វើឲ្យតំបន់ប្រយុទ្ធរបស់ក្រុមកាន់តែមុតស្រួច ព្រោះគេជឿជាក់ថា ការប្រើប្រាស់ភាសាតែមួយ និងកម្រិតគុណភាពរបស់កីឡាករចំនូលថ្មីទាំង ២ ជាគុណសម្បត្តិដ៏អស្ចារ្យ។

«វាពិតជាល្អខ្លាំងណាស់ សម្រាប់ការលេងជាដៃគូនៅតំបន់ប្រយុទ្ធ ព្រោះយើងស្គាល់គ្នាស្រាប់ និយាយទៅដូចបងប្អូនអ៊ីចឹង។ ម្យ៉ាងទៀត Omokafe មានបទពិសោធនៅលីគកម្ពុជាស្រាប់។ ដូចបានឃើញអ៊ីចឹង យើងលេងបានស៊ីចង្វាក់ក្នុងប្រកួតជាមួយបាទី បើទោះជាយើងរកគ្រាប់បាល់បានចុងម៉ោងក្ដី។ ជាការពិត យើងមានឱកាសច្រើន តែមិនសូវសំណាង។ វាងាយស្រួលសម្រាប់ពួកយើង ដែលនិយាយភាសាដូចគ្នា ងាយយល់ពីគ្នា ហើយខ្ញុំជឿជាក់ថា នេះជារឿងប្រសើរមួយចំពោះគីរីវង់ ប្រជែងយកចំណាត់ថ្នាក់ល្អ នៅជុំទី ២នេះ»។

អតីតសមាជិកណាហ្គាវើលដ៍ដដែលបន្ថែមថា កីឡាករចំនូលថ្មីទាំង ២ ពុំមែនមានទំនាក់ទំនងល្អតែជាមួយខ្លួននោះទេ ប៉ុន្តែក្នុងក្រុមទាំងមូល ក៏គេបង្ហាញពីភាពស្និទ្ធស្នាល និងស៊ីចង្វាក់គ្នាលើទីលានផងដែរ។ Barry អះអាងថា វត្តមាន Rasheed និង Julien កាន់តែធ្វើឲ្យគីរីវង់រឹងមាំថែមទៀត។

គួរជម្រាបជូនថា ក្នុងជុំទី២នេះ ខ្សែប្រយុទ្ធនីហ្សេរីយ៉ា Rasheed Omokafe Adeyanju ចេញពីកងយោធពលខេមរភូមិន្ទ ក្នុងលក្ខណ្ឌខ្ចីជើង ចំណែក David Julien William Koum ធ្លាប់ជាសមាជិកអាស៊ីអឺរ៉ុបយូណាយធីតកាលពីរដូវកាលមុន ខណៈជុំទី១រដូវកាលនេះ គេចូលរួមជាមួយក្រុមពាក់កណ្ដាលអាជីពមួយ៕

អត្ថបទ៖ CNCC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania