សេត ម៉ាន់ស៊ូត “៖មិនសូវបានលេង ខ្ញុំមិនបាក់ទឹកចិត្តទេ មានតែខំប្រឹងកាន់តែខ្លាំង”
13 Sep 2020 09:24 390

ខ្សែបម្រើណាហ្គាវើលដ៍ សេត ម៉ាន់ស៊ូត អះអាងថា ទោះមិនសូវបានបង្ហាញខ្លួនឲ្យក្រុម គេមិនបាក់ទឹកចិត្តឡើយ ព្រោះទទួលស្គាល់នៅមានចំណុចខ្វះខាតច្រើន ដូច្នេះមានតែខិតខំប្រឹងប្រែងខ្លាំងជាងគេ ដើម្បីបង្កើនបទពិសោធឲ្យខ្លាំង។

កីឡាករមាឌល្អិត និងជាអតីតយុវជនសាលាបាល់ទាត់ជាតិបាទីបានចូលរួមជាមួយណាហ្គាវើលដ៍តាំងពីដើមរដូវកាល២០១៩ តែមិនសូវចូលលេងទៀងទាត់ប៉ុន្មានទេ។ គេថា ពេលខ្លះតូចចិត្តខ្លះដែរ ប៉ុន្តែគ្រូបង្វឹក និងមិត្តរួមក្រុមតែងតែលើកទឹកចិត្តប្រឹងប្រែងទៅមុខ។

ម៉ាន់ស៊ូត បញ្ជាក់បែបនេះ “៖ កម្ពស់ខ្ញុំមិនសូវខ្ពស់ ហើយខ្ញុំនៅខ្វះខាតបទពិសោធច្រើន។ ពេលលេងជាមួយបងៗត្រូវយល់ពីចិត្តគាត់ ព្រោះយើងកីឡាករក្មេងអ៊ីចឹង។ គ្រូមានតែលើកទឹកចិត្តយើងឲ្យខំប្រឹងហ្វឹកហាត់ កុំឲ្យបាក់ទឹកចិត្ត ត្រូវព្យាយាមហាត់។ ខ្ញុំបានព្យាយាមពង្រឹងបន្ថែមទាំងកម្លាំង និងបច្ចេកទេស។ ណាមួយយើងដឹងថា ខ្លួនយើងតូច យើងត្រូវតែប្រឹងឲ្យខ្លាំងជាងគេ។ ខ្ពស់ ឬទាប មិនសូវសំខាន់ប៉ុន្មានទេ ឲ្យតែមានបទពិសោធ និងភាពវៃឆ្លាតលើទីលាន។" 

គួរដឹងដែរថា សេត ម៉ាន់ស៊ូត បានចូលហ្វឹកហាត់នៅមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទី នៅឆ្នាំ២០១៣ និងចាកចេញក្រោយដំណាច់រដូវកាល២០១៨។ គេធ្លាប់ជាប់ជម្រើសជាតិយុវជនពីអាយុក្រោម១៤ឆ្នាំដល់១៩ឆ្នាំ និងបានទៅហ្វឹកហាត់នៅក្រៅប្រទេសថែមទៀត៕ 

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania