Baldwin Afa ប្រាប់មូលហេតុវិលមកកម្ពុជា និងចូលក្លិបនគរបាលជាតិជាថ្មី
14 Sep 2020 15:33 1570

ដោយមើលឃើញការរៀបចំបូករួមទាំងសមត្ថភាពក្រុមការងារគ្រូបង្វឹក និងកីឡាករឯទៀតនៅក្លិបនគរបាលជាតិ ខ្សែប្រយុទ្ធកាមេរូន Baldwin Afa Ngawa ជឿជាក់ថា ការវិលត្រលប់មកប្រកបអាជីពបាល់ទាត់នៅកម្ពុជាម្ដងទៀតនេះនឹងជួយពង្រឹងសមត្ថភាពរបស់គេប្រសើរឡើងវិញ។ 

កីឡាករវ័យ៣០ឆ្នាំខាងលើធ្លាប់ចំណាយពេលនៅកម្ពុជាពីរដូវកា២០១៤ ដល់ជុំទីពីរ ២០១៨ ដោយលេងឲ្យអាស៊ីអឺរ៉ុបយូណាយធីត, ភ្នំពេញក្រោន, ណាហ្គាវើលដ៍, នគរបាលជាតិ និងអង្គរថាយហ្គឺរ។ ជុំទីពីរ ឆ្នាំ២០១៨នោះ គេបានផ្លាស់ទៅលីគទី៣ទួរគី តែលេងបានប៉ុន្មានប្រកួត ហើយរកបានមួយគ្រាប់ប៉ុណ្ណោះក៏រងរបួសជង្គង់។ 

ក្រោយសម្រាកព្យាបាល និងចប់កិច្ចសន្យានៅទួរគី Afa បានត្រលប់មកកម្ពុជាវិញនៅដើមឆ្នាំ២០២០ ហើយបានហ្វឹកហាត់ខ្លួនរហូតមក។ ដល់ជុំទីពីរ ក្របខណ្ឌ Metfone Cambodian League គេក៏ត្រូវបានក្លិបនគរបាលជាតិទាក់ទងតែម្ដង។

Afa និយាយពីការចូលរួមជាមួយនគរបាលជាតិបែបនេះ “៖ខ្ញុំគិតថា កម្ពុជាគឺជាជម្រើសដ៏ល្អបំផុតសម្រាប់ខ្ញុំ។ ខ្ញុំបានត្រឡប់មកវិញនៅខែកុម្ភៈឆ្នាំ ២០២០ ហើយខ្ញុំបានហ្វឹកហាត់ខ្លួនឯង រហូតដល់នគរបាលជាតិ ទាក់ទងខ្ញុំមកលេងនៅជុំទីពីរ។ គ្រូបង្វឹកបានខិតខំយ៉ាងខ្លាំងដោយសង្ឃឹមថា អាចឈានដល់សក្តានុពលដ៏ល្អបំផុតរបស់ខ្ញុំ។ មិនតែប៉ុណ្ណោះ ទាំងគ្រូបង្វឹក និងកីឡាករនៅទីនេះសុទ្ធតែមានឆន្ទៈ ហើយការរៀបចំក៏ល្អ ដូច្នេះខ្ញុំសង្ឃឹមថា ក្រុមនឹងអាចទទួលបានចំណាត់ថ្នាក់ប្រសើរនៅជុំទីពីរ។”

Baldwin Afa ធ្លាប់លេងឲ្យក្លិបនគរបាលជាតិនៅរដូវកាល២០១៧។ ក្នុងការវិលត្រលប់មកវិញនេះ គេបង្ហាញខ្លួនពីរប្រកួតហើយ និងរកបានមួយគ្រាប់ពេលនគរបាលជាតិឈ្នះអាស៊ីអឺរ៉ុបយូណាយធីត១ទល់នឹង៣ កាលថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania